ព្រះត្រៃបិដក ភាគ ៦៧
[៤២៧] ពាក្យថា កាលសំឡឹងឃើញនូវពួកសត្វដែលជាប់ក្នុងអារម្មណ៍ជាគ្រឿងប្រកាន់ដូច្នេះ គឺពួកសត្វណា កាន់ កួចកាន់ ប្រកាន់ ស្ទាបអង្អែល ជាប់ចំពាក់ ចំពោះរូប កាន់ កួចកាន់ ប្រកាន់ ស្ទាបអង្អែល ជាប់ចំពាក់ចំពោះវេទនា សញ្ញា ពួកសង្ខារ វិញ្ញាណ គតិ ឧបបត្តិ បដិសន្ធិ ភព សង្សារ វដ្តៈ សត្វទាំងនោះ លោកហៅថា អ្នកជាប់ក្នុងអារម្មណ៍ជាគ្រឿងប្រកាន់។ ពាក្យថា ដូច្នេះ គឺជាពាក្យតបទ។បេ។ ពាក្យថា ដូច្នេះ នុ៎ះ ជាលំដាប់បទ។ ពាក្យថា កាលសំឡឹងឃើញ គឺកាលឃើញ មើលឃើញ យល់ឃើញ រមិលមើល គន់មើល ពិចារណាមើល ហេតុនោះ (ទ្រង់ត្រាស់ថា) កាលសំឡឹងឃើញនូវពួកសត្វដែលជាប់ក្នុងអារម្មណ៍ជាគ្រឿងប្រកាន់ដូច្នេះ។
[៤២៨] ពាក្យថា ប្រជាជននេះដែលជាប់ចំពាក់ក្នុងហេតុជាទីតាំងនៃមច្ចុ ត្រង់ពាក្យថា ប្រជាជន គឺជាឈ្មោះនៃសត្វ។ ពាក្យថា ហេតុជាទីតាំងនៃមច្ចុ គឺ ពួកកិលេសក្តី ខន្ធក្តី អភិសង្ខារក្តី លោកហៅថា ហេតុជាទីតាំងនៃមច្ចុ។ ប្រជាជន ជាប់ ជាប់ទួទៅ ថ្ពក់ ទាក់ ជាប់ចំពាក់ ក្នុងហេតុជាទីតាំងនៃមច្ចុ ហេតុជាទីតាំងនៃមារ ហេតុជាទីតាំងនៃមរណៈ។
ID: 637355319359361445
ទៅកាន់ទំព័រ៖