ព្រះត្រៃបិដក ភាគ ៦៧
[៨៦] (អជិតៈសួរថា) បុគ្គលទាំងឡាយណា មានធម៌ពិចារណាឃើញហើយ និងបុគ្គលទាំងឡាយណា ជាសេក្ខៈ មានប្រមាណច្រើនក្នុងទីនេះ បពិត្រព្រះអង្គនិរទុក្ខ ព្រះអង្គជាបុគ្គលមានបញ្ញាចាស់ក្លា ខ្ញុំព្រះអង្គសួរហើយ សូមទ្រង់ត្រាស់ប្រាប់នូវសេចក្តីប្រព្រឹត្តិរបស់បុគ្គលទាំងឡាយនោះ ដល់ខ្ញុំព្រះអង្គ។
[៨៧] ពាក្យថា បុគ្គលទាំងឡាយណា មានធម៌ពិចារណាឃើញហើយ អធិប្បាយថា អរហន្តខីណាស្រពទាំងឡាយ លោកហៅថា អ្នកមានធម៌ពិចារណាឃើញហើយ។ ព្រោះហេតុអ្វី អរហន្តខីណាស្រពទាំងឡាយ លោកហៅថា អ្នកមានធម៌ពិចារណាឃើញហើយ។ អរហន្តខីណាស្រពទាំងនោះ មានធម៌ពិចារណាឃើញហើយ មានធម៌ដឹងហើយ មានធម៌ថ្លឹងហើយ មានធម៌ពិនិត្យហើយ មានធម៌ប្រាកដហើយ មានធម៌ចំរើនច្បាស់ហើយ គឺមានធម៌ពិចារណាឃើញហើយ មានធម៌ដឹងហើយ មានធម៌ថ្លឹងហើយ មានធម៌ពិនិត្យហើយ មានធម៌ប្រាកដហើយ មានធម៌ចំរើនច្បាស់ហើយថា សង្ខារទាំងពួងមិនទៀង មានធម៌ពិចារណាឃើញហើយ។បេ។ ថា សង្ខារទាំងពួងជាទុក្ខ មានធម៌ពិចារណាឃើញហើយ។បេ។ ថា ធម៌ទាំងពួងជាអនត្តា មានធម៌ពិចារណាឃើញហើយ។បេ។
ID: 637354312407300898
ទៅកាន់ទំព័រ៖