ព្រះត្រៃបិដក ភាគ ៦៧
អធិប្បញ្ញាសិក្ខា តើដូចម្តេច។ ភិក្ខុក្នុងធម្មវិន័យនេះ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ទៅក្នុងសេចក្តីចំរើន និងសេចក្តីវិនាស ជាប្រាជ្ញាដ៏ប្រសើរ ចាក់ធ្លុះដល់នូវសេចក្តីអស់ទុក្ខដោយប្រពៃ ភិក្ខុនោះ ដឹងច្បាស់តាមពិតថា នេះទុក្ខ ដឹងច្បាស់តាមពិតថា នេះហេតុឲ្យកើតទុក្ខ នេះសេចក្តីរលត់ទុក្ខ នេះបដិបទាដំណើរទៅកាន់ទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះអាសវៈ នេះហេតុឲ្យកើតអាសវៈ នេះសេចក្តីរលត់អាសវៈ នេះបដិបទាដំណើទៅកាន់ទីរលត់អាសវៈ នេះជាអធិប្បញ្ញាសិក្ខា។
សេក្ខបុគ្គលទាំងឡាយ ពិចារណាសិក្សាសិក្ខាទាំង ៣ នេះ ដឹងសិក្សា តាំងចិត្តសិក្សា ចុះចិត្តស៊ប់ដោយសទ្ធាសិក្សា ផ្គងព្យាយាមសិក្សា តាំងសតិសិក្សា តាំងចិត្តដោយប្រពៃសិក្សា ដឹងច្បាស់ដោយបញ្ញាសិក្សា ដឹងប្រាកដនូវធម៌ដែលគួរដឹងប្រាកដសិក្សា កំណត់ដឹងធម៌ដែលគួរកំណត់ដឹងសិក្សា លះបង់ធម៌ដែលគួរលះបង់សិក្សា ចំរើនធម៌ដែលគួរចំរើនសិក្សា ធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់សិក្សា ប្រព្រឹត្ត ប្រព្រឹត្តដោយគោរព ប្រព្រឹត្តដោយប្រពៃ សមាទាន ប្រព្រឹត្ត ហេតុនោះ ទើបលោកហៅថា សេក្ខៈ។
ID: 637354313549010938
ទៅកាន់ទំព័រ៖