ព្រះត្រៃបិដក ភាគ ៦៧

ពាក្យ​ថា មាន​ប្រមាណ​ច្រើន សេក្ខបុគ្គល​ទាំងឡាយ​នុ៎ះ មាន​ប្រមាណ​ច្រើន គឺ សោតាបន្ន​បុគ្គល ១ បុគ្គល​ប្រតិបត្តិ​ (ដើម្បី​សោតៈ ១) សកទាគាមិ​បុគ្គល​ ១ បុគ្គល​ប្រតិបត្តិ (ដើម្បី​សកទាគាមិ ១) អនាគាមិ​បុគ្គល ១ បុគ្គល​ប្រតិបត្តិ​ (ដើម្បី​អនាគាមិ ១) អរហន្ត ១ បុគ្គល​ប្រតិបត្តិ​ (ដើម្បី​ព្រះ​អរហត្ត ១) ពាក្យ​ថា ក្នុង​ទីនេះ គឺ​ក្នុង​ទិដ្ឋិ​នេះ​ ក្នុង​ការគួរ​នេះ ក្នុង​សេចក្តី​គាប់ចិត្ត​នេះ ក្នុង​សេចក្តី​ប្រកាន់​នេះ ក្នុង​វិន័យ​នេះ​ ក្នុង​ធម៌​នេះ ក្នុង​ធម្មវិន័យ​នេះ ក្នុង​សាសនា​នេះ ក្នុង​ព្រហ្មចរិយ​នេះ ក្នុង​សត្ថុ​សាសនា​នេះ​ ក្នុង​អត្ថ​ភាព​នេះ ក្នុង​មនុស្សលោក​នេះ ហេតុ​នោះ (លោក​សួរ​ថា​) បុគ្គល​ទាំងឡាយ​ណា ជា​សេក្ខៈ មាន​ប្រមាណ​ច្រើន ក្នុង​ទីនេះ។
 [៨៩​] ពាក្យ​ថា បពិត្រ​ព្រះអង្គ​និរទុក្ខ ព្រះអង្គ​ជា​បុគ្គល​មាន​បញ្ញា​ចាស់​ក្លា​ ខ្ញុំ​ព្រះអង្គ​សួរ​ហើយ សូម​ព្រះអង្គ​ត្រាស់​សំដែង​សេចក្តី​ប្រព្រឹត្តិ​របស់​បុគ្គល​ទាំងឡាយ​នោះ​ ដល់​ខ្ញុំ​ព្រះអង្គ សេចក្តី​ថា ព្រះអង្គ​ជា​បុគ្គល​មាន​បញ្ញា​ចាស់​ក្លា ជា​បណ្ឌិត​មាន​បញ្ញា​ មាន​បញ្ញា​ជា​គ្រឿង​ត្រាស់​ដឹង មាន​ញាណ មាន​បញ្ញា​ជា​គ្រឿង​ជ្រាប​ច្បាស់​ មាន​បញ្ញា​ជា​គ្រឿង​ទំ​លាយ​កិលេស (សូម​ទ្រង់​ត្រាស់​ប្រាប់​) នូវ​សេចក្តី​ប្រព្រឹត្តិ ចរិយា ការប្រព្រឹត្តិ​ មារយាទ គោចរ ឥរិយាបថ បដិបទា​នៃ​អរហន្ត និង​សេក្ខបុគ្គល​ទាំងឡាយ​នោះ ដល់​ខ្ញុំ​ព្រះអង្គ។
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637354313947344193
ទៅកាន់ទំព័រ៖