ព្រះត្រៃបិដក ភាគ ៦៧

ពាក្យ​ថា មិន​គប្បី​ធ្វើ​ចិត្ត​ឲ្យ​ល្អក់ បានន័យ​ថា មិន​គប្បី​មានចិត្ត​ល្អក់ មិន​វឹកវរ​ មិន​ញាប់ញ័រ មិន​ចង្អៀតចង្អល់ មិន​ឃ្លេងឃ្លោង មិន​ភ្ញាក់ផ្អើល ស្ងប់ គប្បី​លះបង់ លះបង់​ផ្តាច់​ បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​មាន​បែបភាព​នូវ​កិលេស​ទាំងឡាយ​ជា​គ្រឿង​ធ្វើឲ្យ​ល្អក់​ មួយទៀត ជា​បុគ្គល​ឆ្ងាយ វៀរ វៀរ​ស្រឡះ ចេញផុត ស្ងប់ រួច​ស្រឡះ ប្រកប ប្រាស ចាក​កិលេស​ទាំងឡាយ​ជា​គ្រឿង​ធ្វើឲ្យ​ល្អក់​ គប្បី​ទៅ​ដោយចិត្ត​ប្រាសចាក​សេចក្តី​សល់វ៉ល់ (ហេតុ​នោះ ទ្រង់​ត្រាស់​ថា​) មិន​គប្បី​ធ្វើ​ចិត្ត​ឲ្យ​ល្អក់។
 [៩៣​] ពាក្យ​ថា ឈ្លាសវៃ​ក្នុង​ធម៌​ទាំងពួង អធិប្បាយ​ថា​ ឈ្លាសវៃ​ក្នុង​ធម៌​ទាំងពួង​ថា សង្ខារ​ទាំងពួង​មិន​ទៀង ឈ្លាសវៃ​ក្នុង​ធម៌​ទាំងពួង​ថា សង្ខារ​ទាំងពួង​ជា​ទុក្ខ​ ឈ្លាសវៃ​ក្នុង​ធម៌​ទាំងពួង​ថា ធម៌​ទាំងពួង​ជា​អនត្តា ឈ្លាសវៃ​ក្នុង​ធម៌​ទាំងពួង​ថា សង្ខារ​ទាំងឡាយ​ (មាន​) ព្រោះ​អវិជ្ជា​ជា​បច្ច័យ។បេ។ ឈ្លាសវៃ​ក្នុង​ធម៌​ទាំងពួង​ថា​ ធម្មជាត​ណាមួយ មាន​សភាព​កើតឡើង ធម្មជាត​ទាំងអស់​នោះ មាន​សភាព​រលត់​ទៅជាធម្មតា បុគ្គល​ឈ្លាសវៃ​ក្នុង​ធម៌​ទាំងពួង​ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637354315766485536
ទៅកាន់ទំព័រ៖