ព្រះត្រៃបិដក ភាគ ៦៧
មួយទៀត ឈ្លាសវៃក្នុងធម៌ទាំងពួងថា មិនទៀង ថាជាទុក្ខ ជារោគ ជាបូស ជាសរ ជាអន្តរាយ ជាជម្ងឺ ជារបស់ដទៃ ជារបស់វិនាស ជាចង្រៃ ជាឧបទ្រព ជារបស់មិនគួរប្រាថ្នា ជាភ័យ ជាឧបស័គ្គ ជារបស់ញាប់ញ័រ ជារបស់ពុករលួយ ជារបស់មិនឋិតឋេរ ជារបស់ពឹងមិនបាន ជារបស់ពួនមិនបាន ជារបស់មិនមែនជាទីរឭក ជារបស់សង្ឃឹមមិនបាន ជារបស់ឥតអំពើ ជារបស់ទទេ ជារបស់សូន្យ ជារបស់មិនមែនខ្លួន ជាទោស ជារបស់តែងប្រែប្រួល ជារបស់ឥតខ្លឹម ជាទីតាំងនៃទុក្ខ ជាអ្នកសម្លាប់ ជារបស់ប្រាសចាកសេចក្តីចំរើន ជារបស់ប្រកបដោយអាសវៈ ជារបស់ដែលបច្ច័យតាក់តែង ជានុយរបស់មារ ជារបស់មានជាតិជាធម្មតា មានជរាជាធម្មតា មានព្យាធិជាធម្មតា មានមរណៈជាធម្មតា មានសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីតានតឹងជាធម្មតា មានគ្រឿងសៅហ្មងជាធម្មតា មានការកើត មានការវិនាស មានសភាពមិនគួរជ្រះថ្លា ជាទោស មានការរើចេញមិនបាន បុគ្គលឈ្លាសវៃក្នុងធម៌ទាំងពួង យ៉ាងនេះឯង។ មួយទៀត ឈ្លាសវៃក្នុងខន្ធ ឈ្លាសវៃក្នុងធាតុ ឈ្លាសវៃក្នុងអាយតនៈ ឈ្លាសវៃក្នុងបដិច្ចសមុប្បាទ ឈ្លាសវៃក្នុងសតិប្បដ្ឋាន ឈ្លាសវៃក្នុងសម្មប្បធាន ឈ្លាសវៃក្នុងឥទ្ធិបាទ ឈ្លាសវៃក្នុងឥន្រ្ទិយ ឈ្លាសវៃក្នុងពលៈ ឈ្លាសវៃក្នុងពោជ្ឈង្គ ឈ្លាសវៃក្នុងមគ្គ ឈ្លាសវៃក្នុងផល ឈ្លាសវៃក្នុងនិព្វាន បុគ្គលជាអ្នកឈ្លាសវៃក្នុងធម៌ទាំងពួង យ៉ាងនេះឯង។
ID: 637354316060742406
ទៅកាន់ទំព័រ៖