ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា ភិក្ខុ គឺថាភិក្ខុ ព្រោះជាអ្នកទំលាយធម៌ប្រាំពីរគឺ ទំលាយសក្កាយទិដ្ឋិ ទំលាយវិចិកិច្ឆា ទំលាយសីលព្វតបរាមាស ទំលាយរាគៈ ទំលាយទោសៈ ទំលាយមោហៈ ទំលាយមានះ ទំលាយអកុសលធម៌ដ៏លាមកទាំងឡាយ ប្រកបដោយគ្រឿងសៅហ្មងព្រម ដែលឲ្យបដិសន្ធិក្នុងភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាផល ជាបច្ច័យនៃជាតិ ជរា មរណៈ ក្នុងអនាគត។
ព្រះមានព្រះភាគត្រាស់ថា ម្នាលសភិយៈ បុគ្គលដល់នូវបរិនិព្វាន ដោយមគ្គដែលខ្លួនចំរើនហើយ មានសេចក្តីសង្ស័យឆ្លងហើយ លះបង់នូវសេចក្តីវិនាស និងសេចក្តីចំរើន មានមគ្គអប់រំហើយ មានភពថ្មីអស់ហើយ បុគ្គលនោះ ហៅថា ភិក្ខុ។
ពាក្យថា គប្បីប្រព្រឹត្តមានសតិជាភិក្ខុ បានន័យថា គប្បីប្រព្រឹត្តមានស្មារតីជាភិក្ខុ គឺគប្បីមានសតិដើរទៅ មានសតិឈរ មានសតិអង្គុយ មានសតិសម្រេចនូវសេយ្យាសន៍ មានសតិឈានទៅ មានសតិឈានថយ មានសតិក្រឡេកមើល មានសតិក្រឡេកមើលផ្សេង ៗ មានសតិបត់ចូល (នូវអវយវៈ) មានសតិលា (នូវអវយវៈ) មានសតិទ្រទ្រង់សង្ឃាដី បាត្រ និងចីវរ មានសតិត្រាច់ទៅ គប្បីមានសតិសម្រាន្តនៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ ទ្រង់ត្រាស់ថា គប្បីប្រព្រឹត្តមានសតិជាភិក្ខុ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ID: 637354317129943780
ទៅកាន់ទំព័រ៖