ព្រះត្រៃបិដក ភាគ ៦៧
[២២] លំដាប់នោះ ពាវរីព្រាហ្មណ៍ ហៅពួកព្រាហ្មណ៍ជាសិស្សអ្នកដល់នូវត្រើយនៃមន្តថា ម្នាលមាណពទាំងឡាយ អ្នកទាំងឡាយចូរមក យើងនឹងប្រាប់ អ្នកទាំងឡាយចូរស្តាប់ពាក្យរបស់យើង។
[២៣] ការកើតប្រាកដរឿយ ៗ ក្នុងលោក នៃព្រះសម្ពុទ្ធអង្គណា ដែលរកកម្របាន ថ្ងៃនេះ ព្រះសម្ពុទ្ធជាម្ចាស់អង្គនោះ ទ្រង់កើតហើយក្នុងលោក គេដឹងឮល្បីល្បាញប្រាកដថា ព្រះអង្គត្រាស់ដឹងឯង អ្នកទាំងឡាយ ចូរប្រញាប់ទៅកាន់ក្រុងសាវត្ថី គាល់ព្រះអង្គ ទ្រង់ឧត្តមជាងសត្វជើងពីរនោះ។
[២៤] (ព្រាហ្មណ៍ជាសិស្សច្បងសួរថា) បពិត្រព្រាហ្មណ៍ ធើ្វម្តេចយើងទាំងឡាយ ឃើញហើយ ទើបស្គាល់ថាជាព្រះពុទ្ធ សូមលោកប្រាប់ឧបាយជាហេតុឲ្យយើងស្គាល់នូវព្រះសម្ពុទ្ធនោះ ដល់យើងទាំងឡាយដែលមិនធ្លាប់ស្គាល់។
[២៥] (ពាវរីព្រាហ្មណ៍តបថា) មហាបុរិសលក្ខណៈទាំងឡាយ ៣២ ប្រការ មានមកក្នុងមន្តទាំងឡាយ (ដែលពួកព្រាហ្មណាចារ្យ) ព្យាករគ្រប់គ្រាន់ហើយ តាមលំដាប់។
[២៦] មហាបុរិសលក្ខណៈទាំងនុ៎ះ រមែងមានក្នុងកាយរបស់មហាបុរសណា មហាបុរសនោះ មានគតិទៀងតែ ២ មិនមានគតិទៅជាគំរប់បីទេ។
ID: 637354140368889798
ទៅកាន់ទំព័រ៖