ព្រះត្រៃបិដក ភាគ ៦៧
តិស្សមេត្តេយ្យមាណវកប្បញ្ហានិទ្ទេស ទី២
[៩៦] (តិស្សមេតេ្តយ្យមានអាយុទូលសួរដូច្នេះថា) បុគ្គលណា ក្នុងលោកនេះ ជាអ្នកត្រេកអរពេញលេញ បុគ្គលណា មិនមានសេចក្តីញាប់ញ័រ បុគ្គលណាដឹងច្បាស់នូវទីបំផុតទាំងពីរ និងកណ្តាលដោយប្រាជ្ញាហើយ ព្រះអង្គទ្រង់ហៅបុគ្គលណាថា មហាបុរស បុគ្គលណា បានកន្លងនូវតណ្ហា ជាគ្រឿងចាក់ស្រេះក្នុងលោកនេះ។
[៩៧] ពាក្យថា បុគ្គលណា ក្នុងលោកនេះ ជាអ្នកត្រេកអរពេញលេញ គឺជាអ្នកត្រេកអរពេញហើយ មានចិត្តរីករាយ មានសេចក្តីត្រិះរិះពេញលេញ ហេតុនោះ (លោកសួរថា) បុគ្គលណា ក្នុងលោកនេះ ជាអ្នកត្រេកអរពេញលេញ។ ពាក្យថា ដូច្នេះ ក្នុងបទថា តិស្សមេត្តេយ្យមានអាយុ (ទូលសួរ) ដូច្នេះ គឺជាបទភ្ជាប់ ជាពាក្យភ្ជាប់បទ បំពេញបទ ប្រជុំអក្ខរៈ សម្រួលព្យញ្ជនៈ ពាក្យថា ដូច្នេះ នុ៎ះ ជាលំដាប់បទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា មានអាយុនុ៎ះ ជាពាក្យពោលដោយគោរពកោតក្រែង។ ពាក្យថា តិស្សៈ គឺជាឈ្មោះ ជាពាក្យសម្រាប់ហៅ សម្រាប់សំគាល់ ជាបញ្ញត្តិ ជាវោហារ ជានាម ជានាមកម្ម ជានាមបញ្ញត្តិ ជាសំដី ជាគ្រឿងបញ្ជាក់ ជាគ្រឿងប្រកាសនៃព្រាហ្មណ៍នោះ។
ID: 637354318059282525
ទៅកាន់ទំព័រ៖