ព្រះត្រៃបិដក ភាគ ៦៧
[១០៣] (ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តេយ្យ) ភិក្ខុណា មានព្រហ្មចរិយៈ សង្រួមក្នុងកាមទាំងឡាយ ប្រាសចាកតណ្ហា មានស្មារតីសព្វកាល ដឹងហើយ រលត់ហើយ ឯសេចក្តីញាប់ញ័ររបស់ភិក្ខុនោះ មិនមានទេ ភិក្ខុនោះ ដឹងច្បាស់ទីបំផុតទាំងពីរ និងកណ្តាល ដោយការដឹង ហើយមិនជាប់ តថាគតហៅភិក្ខុនោះថា មហាបុរស ភិក្ខុនោះ បានកន្លងនូវតណ្ហាជាគ្រឿងចាក់ស្រេះក្នុងលោកនេះ។
[១០៤] អធិប្បាយពាក្យថា មានព្រហ្មចរិយៈក្នុងកាមទាំងឡាយ ត្រង់ពាក្យថា កាមទាំងឡាយ បើតាមឧទ្ទាន កាមមាន ២ គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ នេះ ហៅថា វត្ថុកាម។បេ។ នេះហៅថា កិលេសកាម។ ពាក្យថា មានព្រហ្មចរិយៈ សេចក្តីថា ការវៀរ ការចៀសវាង ការវៀរស្រឡះ ការបណ្តេញបង់នូវពៀរ កិរិយាមិនធ្វើ ការមិនធ្វើ ការមិនត្រូវ ការមិនប្រព្រឹត្តកន្លងនូវដែន ចាកការដល់ព្រមនៃអស្សទ្ធម្ម លោកហៅថា ព្រហ្មចរិយៈ។ មួយទៀត ដោយនិប្បរិយាយ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ គឺប្រាជ្ញាយល់ត្រូវ សេចក្តីត្រិះរិះត្រូវ វាចាត្រូវ ការងារត្រូវ ការចិញ្ចឹមជីវិតត្រូវ ព្យាយាមត្រូវ សេចក្តីរឭកត្រូវ ការតាំងចិត្តនឹងត្រូវ លោកហៅថា ព្រហ្មចរិយៈ។
ID: 637354319323977993
ទៅកាន់ទំព័រ៖