ព្រះត្រៃបិដក ភាគ ៦៧

បុគ្គល​ណា ប្រកប ប្រកប​ព្រម ចូល​មក​ជិត ចូល​មក​ជិត​ព្រម ចូល​ទៅដល់ ចូល​ទៅដល់​ព្រម ប្រកប​ព្រម​ ដោយ​មគ្គ​ប្រកបដោយ​អង្គ ៨ ដ៏​ប្រសើរ​នេះ បុគ្គល​នោះ លោក​ហៅថា អ្នកមាន​ព្រហ្មចរិយៈ។ ឧបមាដូចជា​បុគ្គល​ដែល​លោក​ហៅថា​ អ្នកមាន​ទ្រព្យ ព្រោះ​ទ្រព្យ ហៅថា អ្នកមាន​ភោគៈ ព្រោះ​ភោគៈ ហៅថា​អ្នកមាន​យស ព្រោះ​យស ហៅថា​ អ្នកមាន​សិល្បៈ ព្រោះ​សិល្បៈ ហៅថា​អ្នកមានសីល ព្រោះ​សីល ហៅថា​អ្នកមាន​ព្យាយាម ព្រោះ​ព្យាយាម​ ហៅថា​អ្នកមាន​ប្រាជ្ញា ព្រោះ​ប្រាជ្ញា ហៅថា​អ្នកមាន​វិជ្ជា ព្រោះ​វិជ្ជា យ៉ាងណាមិញ បុគ្គល​ណា​ ប្រកប ប្រកប​ព្រម ចូល​មក​ជិត ចូល​មក​ជិត​ព្រម ចូល​ទៅដល់ ចូល​ទៅដល់​ព្រម ប្រកប​ព្រម ដោយ​មគ្គ​ប្រកបដោយ​អង្គ​ ៨ ដ៏​ប្រសើរ​នេះ បុគ្គល​នោះ លោក​ហៅថា អ្នកមាន​ព្រហ្មចរិយៈ យ៉ាងនោះ​ឯង ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នកមាន​ព្រហ្មចរិយៈ ក្នុង​កាម​ទាំងឡាយ។ ពាក្យ​ថា ម្នាល​មេ​ត្តេ​យ្យ គឺ​ព្រះមានព្រះភាគ ទ្រង់​ហៅ​ព្រាហ្មណ៍​នោះ​ដោយ​គោត្រ ពាក្យ​ថា​ ព្រះមានព្រះភាគ នេះ​គឺជា​ពាក្យ​សំរាប់​ហៅ​ដោយ​គោរព។បេ។ ការ​បញ្ញតិ្ត​ថា មាន​ព្រះ​ភាគ​នេះ​ (កើត​) ព្រោះ​ការ​ធ្វើឲ្យ​ជាក់ច្បាស់ ហេតុ​នោះ​ (លោក​ពោល​ថា​) ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​មេ​ត្តេ​យ្យ។
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 637354319594950112
ទៅកាន់ទំព័រ៖