ព្រះត្រៃបិដក ភាគ ៦៧
[១០៥] អធិប្បាយពាក្យថា ប្រាសចាកតណ្ហា មានស្មារតីសព្វកាល ត្រង់ពាក្យថា តណ្ហា បានដល់រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ តណ្ហានេះ បុគ្គលណាបានលះបង់ ផ្តាច់បង់ រម្ងាប់ រម្ងាប់ចំពោះ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះលោកហៅថា អ្នកប្រាសចាកតណ្ហា អ្នកលះបង់តណ្ហា មានតណ្ហាខ្ជាក់ចោល មានតណ្ហាលែងហើយ អ្នកលះតណ្ហា អ្នករលាស់ចោលតណ្ហា អ្នកប្រាសចាករាគៈ អ្នកលះរាគៈ អ្នកខ្ជាក់រាគៈ អ្នកលែងរាគៈ អ្នកលះបង់រាគៈ អ្នករលាស់ចោលរាគៈ មិនមានសេចក្តីស្រេកឃ្លាន មានទុក្ខរលត់ហើយ មានសេចក្តីត្រជាក់កើតហើយ អ្នកសោយសុខ មានខ្លួនដ៏ប្រសើរ។ ពាក្យថា សព្វកាល គឺក្នុងកាលទាំងពួង ក្នុងកាលទាំងអស់ អស់កាលទាំងស្រុង អស់កាលជានិច្ច អស់កាលដ៏ទៀងរឿយ ៗ ប្រព្រឹត្តទៅព្រម ច្រឡូកច្រឡំ មិនឃ្លាត គ្មានចន្លោះ ប្រកបដោយសេចក្តីព្រមព្រៀង ពាល់ត្រូវ កាលមុននៃភត្ត កាលជាខាងក្រោយនៃភត្ត យាមខាងដើម យាមកណ្តាល យាមខាងក្រោយ រនោច ខ្នើត រដូវភ្លៀង រដូវរងា រដូវក្តៅ ខន្ធអស់ទៅ ក្នុងខាងដើម ខន្ធអស់ទៅ ក្នុងកណ្តាល ខន្ធអស់ទៅ ក្នុងខាងក្រោយ។
ID: 637354319857484111
ទៅកាន់ទំព័រ៖