ព្រះត្រៃបិដក ភាគ ៦៧
សេចក្តីញាប់ញ័រទាំងនេះ របស់ព្រះខីណាស្រពនោះ គ្មាន មិនមាន មិនមានព្រម មិនបាន (គឺលោក) បានលះបង់ ផ្តាច់បង់ រម្ងាប់ រម្ងាប់ចំពោះ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីញាប់ញ័ររបស់ភិក្ខុនោះ មិនមាន។
[១០៨] អធិប្បាយពាក្យថា ភិក្ខុនោះ ដឹងច្បាស់នូវទីបំផុតទាំងពីរ និងកណ្តាល ដោយការដឹង ហើយមិនជាប់ ត្រង់ពាក្យថា ទីបំផុត គឺ ផស្សៈជាទីបំផុតមួយ ការកើតឡើងនៃផស្សៈ ជាទីបំផុតទីពីរ ការរលត់នៃផស្សៈ ទុកជាកណ្តាល អតីតជាទីបំផុតមួយ អនាគតជាទីបំផុតទីពីរ បច្ចុប្បន្នទុកជាកណ្តាល សុខវេទនាជាទីបំផុតមួយ ទុក្ខវេទនាជាទីបំផុតទីពីរ អទុក្ខមសុខវេទនា ទុកជាកណ្តាល នាមជាទីបំផុតមួយ រូបជាទីបំផុតទីពីរ វិញ្ញាណ ទុកជាកណ្តាល អាយតនៈ ខាងក្នុង ៦ ជាទីបំផុតមួយ អាយតនៈខាងក្រៅ ៦ ជាទីបំផុតទីពីរ វិញ្ញាណ ទុកជាកណ្តាល សក្កាយៈជាទីបំផុតមួយ ការកើតឡើងនៃសក្កាយៈ ជាទីបំផុតទីពីរ ការរលត់នៃសក្កាយៈ ទុកជាកណ្តាល។ បញ្ញា លោកហៅថា ការដឹង គឺបញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ សេចក្តីឃើញត្រូវ។ ពាក្យថា ការជាប់ បានដល់ការជាប់ជំពាក់ពីរគឺ ការជាប់ជំពាក់ដោយតណ្ហា ១ ការជាប់ជំពាក់ដោយទិដ្ឋិ ១។
ID: 637354321005289084
ទៅកាន់ទំព័រ៖