ព្រះត្រៃបិដក ភាគ ៦៧
[២៧] បើមហាបុរសនោះ នៅគ្រប់គ្រងផ្ទះ គប្បីឈ្នះប្រថពីមណ្ឌលនេះ ដោយមិនមានប្រើអាជ្ញា សស្រ្តាវុធ ទាំងគ្រប់គ្រងតាមច្បាប់។
[២៨] ប្រសិនបើមហាបុរសនោះ (ចេញ) ចាកផ្ទះ ហើយបួសក្នុងភេទនៃបុគ្គលមិនមានផ្ទះ នឹងបានជាព្រះពុទ្ធ មានដម្បូលគឺកិលេសបើកហើយ ជាអរហន្ត ឥតមានបុគ្គលដទៃប្រសើរដូច។
[២៩] អ្នកទាំងឡាយ ចូរសួរនូវជាតិ គោត្ត លក្ខណៈ មន្ត នឹងសិស្សទាំងឡាយដទៃទៀតផង នូវក្បាល និងធម៌ធើ្វក្បាលឲ្យធ្លាក់ចុះផង ដោយចិត្តតែម្យ៉ាង។
[៣០] ប្រសិនបើព្រះអង្គជាព្រះពុទ្ធ មានកិរិយាឃើញ ឥតមានអ្វីទើសទាល់ កាលបើអ្នកទាំងឡាយសួរប្រស្នាដោយចិត្តហើយ ទ្រង់នឹងវិសជ្ជនាដោយវាចា។
[៣១] លុះស្តាប់ពាក្យពាវរីព្រាហ្មណ៍ហើយ ព្រាហ្មណ៍ជាសិស្ស ១៦ នាក់គឺ អជិតៈ ១ តិស្សមេត្តេយ្យៈ ១ បុណ្ណកៈ ១ មេត្តគូ ១ ធោតកៈ ១ ឧបសីវៈ ១ នន្ទៈ ១ ហេមកៈ ១ តោទេយ្យៈ ១ កប្បៈ ១ ជតុកណ្ណីបណ្ឌិត ១ ភទ្រាវុធ ១ ឧទយៈ ១ បោសាលព្រាហ្មណ៍ ១ មោឃរាជមេធាវី ១ បិង្គិយមហាឫសី ១។
ID: 637354140899626865
ទៅកាន់ទំព័រ៖