ព្រះត្រៃបិដក ភាគ ៦៧
ទិដ្ឋិ ៦២ ទាំងប៉ុន្មានឯណា មានសភាពយ៉ាងនេះ នេះឈ្មោះថា ការជាប់ចំពាក់ដោយទិដ្ឋិ។ ពាក្យថា ភិក្ខុនោះ ដឹងច្បាស់ទីបំផុតទាំងពីរ និងកណ្តាល ដោយការដឹង ហើយមិនជាប់ បានន័យថា ភិក្ខុនោះដឹងច្បាស់ យល់ ពិចារណា ត្រិះរិះ សំដែង ធ្វើឲ្យប្រាកដ ទីបំផុតទាំងពីរ និងកណ្តាល ដោយការដឹងហើយ មិនចូលទៅជិតជាប់ គឺជាអ្នកមិនជាប់ចំពាក់ មិនចូលទៅជិតជាប់ ចេញ រលាស់ ចេញផុតស្រឡះ មិនប្រកបព្រម នៅដោយចិត្តដែលធ្វើកិលេសដូចជាទំនប់ទៅប្រាសហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុនោះដឹងច្បាស់ទីបំផុតទាំងពីរ និងកណ្តាល ដោយការដឹងហើយ។
[១០៩] ពាក្យថា តថាគតហៅបុគ្គលនោះថាមហាបុរស អធិប្បាយថា តថាគត ហៅបុគ្គលនោះ ប្រាប់បុគ្គលនោះ សំគាល់បុគ្គលនោះ ពោលបុគ្គលនោះ ឃើញបុគ្គលនោះ ហៅបុគ្គលនោះថាមហាបុរស បុរសដ៏លើស បុរសដ៏ប្រសើរ បុរសវិសេសបំផុត បុរសជាប្រធាន បុរសឧត្តម បុរសថ្លៃថ្លា។ ឧទាហរណ៍ដូចព្រះសារីបុត្តមានអាយុ ទូលសួរពាក្យនេះនឹងព្រះមានបុណ្យថា សូមទ្រង់ព្រះមេត្តាប្រោស បុគ្គលដែលគេហៅថាមហាបុរស សូមទ្រង់ព្រះមេត្តាប្រោស បុគ្គលដែលជាមហាបុរស តើដោយហេតុប៉ុន្មាន។
ID: 637354321582238759
ទៅកាន់ទំព័រ៖