ព្រះត្រៃបិដក ភាគ ៦៧

 [១១០​] ពាក្យ​ថា ភិក្ខុ​នោះ​បាន​កន្លង​តណ្ហា​ជា​គ្រឿង​ចាក់ស្រេះ​ក្នុង​លោក​នេះ​ សេចក្តី​ថា តណ្ហា លោក​ហៅថា ធម្មជាតិ​ជា​គ្រឿង​ចាក់ស្រេះ បានខាង​សេចក្តី​ត្រេកអរ សេចក្តី​ត្រេកអរ​ខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា​ជា​គ្រឿង​ចាក់ស្រេះ​នេះ ដែល​បុគ្គល​ណា លះបង់ ផ្តាច់​បង់​ រម្ងាប់ រម្ងាប់​ចំពោះ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ បុគ្គល​នោះ​បាន​កន្លង​ ចូល​ទៅ​កន្លង ឈាន​កន្លង ឈាន​កន្លង​ព្រម ប្រព្រឹត្ត​កន្លង​នូវ​តណ្ហា​ជា​គ្រឿង​ចាក់ស្រេះ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ភិក្ខុ​នោះ​បាន​កន្លង​តណ្ហា​ជា​គ្រឿង​ចាក់ស្រេះ​ក្នុង​លោក​នេះ។ ហេតុ​នោះ ព្រះមានព្រះភាគ ត្រាស់​ថា
(ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​មេ​ត្តេ​យ្យ​) (ភិក្ខុ​ណា​) មាន​ព្រហ្មចរិយៈ (សង្រួម​) ក្នុង​កាម​ទាំងឡាយ ប្រាសចាក​តណ្ហា មានស្មារតី​សព្វកាល ដឹង​ហើយ រលត់​ហើយ សេចក្តី​ញាប់ញ័រ​របស់​ភិក្ខុ​នោះ មិន​មាន​ទេ ភិក្ខុ​នោះ​ដឹង​ច្បាស់​ទីបំផុត​ទាំង​ពីរ និង​កណ្តាល ដោយ​ការ​ដឹង ហើយ​មិន​ជាប់ តថាគត​ហៅ​ភិក្ខុ​នោះ​ថា មហា​បុរស ភិក្ខុ​នោះ​ បាន​កន្លង​តណ្ហា​ជា​គ្រឿង​ចាក់ស្រេះ​ក្នុង​លោក​នេះ។
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 637354322349213077
ទៅកាន់ទំព័រ៖