ព្រះត្រៃបិដក ភាគ ៦៧

 [១១១​] ព្រាហ្មណ៍​មាណព​ទាំងឡាយ មាន​អធ្យាស្រ័យ​តែមួយ​ មាន​ប្រយោគ​តែមួយ មាន​សេចក្តី​ប៉ុនប៉ង​តែមួយ មានធម៌​ជា​គ្រឿង​អប់រំ​តែមួយ បាន​អប់រំ​ហើយ​ (ក្នុង​ពុទ្ធសាសនា​ជា​អតីត​) ជាមួយគ្នា​មួយអន្លើ ដោយ​ព្រាហ្មណ៍ (ឈ្មោះ​តិ​ស្ស​មេ​ត្តេ​យ្យ​) នោះ ធម្មចក្ខុ (សោតាបត្តិ​មគ្គ​) មាន​ធូលី​ទៅ​ប្រាស​ហើយ មានមន្ទិល​ទៅ​ប្រាស​ហើយ កើតឡើង​ដល់​ពាន់​នៃ​សត្វ​ដ៏​ច្រើន​ទាំងនោះ​ថា ធម្មជាត​ណាមួយ មាន​កិរិយា​កើតឡើង​ជា​ធម្មតា​ ធម្មជាត​ទាំង​អស់នោះ មាន​កិរិយា​រលត់​ទៅវិញ​ជា​ធម្មតា​ ឯ (តិ​ស្ស​មេ​ត្តេ​យ្យ​ព្រាហ្មណ៍​នោះ​) មានចិត្ត​ផុត​ស្រឡះ​ហើយ ចាក​អាសវៈ​ទាំងឡាយ ព្រោះ​មិន​ប្រកាន់ ដំណាលគ្នា​នឹង​ការចប់​គាថា។ (លំដាប់​នោះ​) ស្បែក​ខ្លា ជដា សំពត់​សម្បកឈើ ឈើច្រត់ កុណ្ឌី​ទឹក និង​សក់ ពុកមាត់ ពុកចង្កា ក៏​បាត់​ទៅ​ ជាមួយនឹង​ពេល​ដែល​ដល់​នូវ​ភាព​នៃ​ខ្លួន​ជា​ព្រះអរហន្ត។ (តិ​ស្ស​មេ​ត្ត​យ្យ​ព្រាហ្មណ៍ បាន​ជា​ឯហិ​ភិក្ខុ​) ស្លៀកដណ្តប់​នូវ​ភណ្ឌៈ គឺ​សំពត់​កា​សាយៈ ទ្រទ្រង់នូវ​សង្ឃាដី​ បាត្រ​ និង​ចីវរ អង្គុយ​ប្រណម្យ​អញ្ជលី​នមស្សការ​ព្រះមានព្រះភាគ​ ដោយ​ប្រតិបត្តិ​សមគួរ​ដល់​ប្រយោជន៍ (ហើយ​ប្រកាស​ថា​) បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ព្រះមានព្រះភាគ ជា​សាស្តា​របស់ខ្ញុំ​ព្រះអង្គ ខ្ញុំ​ព្រះអង្គ​ជា​សាវ័ក។

ចប់ តិ​ស្ស​មេ​ត្តេ​យ្យ​មាណវ​កប្ប​ញ្ហា​និទ្ទេស​ ទី២។

ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637354322720042339
ទៅកាន់ទំព័រ៖