ព្រះត្រៃបិដក ភាគ ៦៧

ទុកជា​ក្នុង​លាភ ព្រះមានព្រះភាគ ក៏​មិន​ញាប់ញ័រ ទុកជា​ក្នុង​អលាភ ក៏​មិន​ញាប់ញ័រ​ ទុកជា​ក្នុង​យស ក៏​មិន​ញាប់ញ័រ ទុកជា​ក្នុង​អយស ក៏​មិន​ញាប់ញ័រ ទុកជា​ក្នុង​សេចក្តី​សរសើ​ក៏​មិន​ញាប់ញ័រ​ ទុក​ជា​ក្នុង​សេចក្តី​តិះដៀល ក៏​មិន​ញាប់ញ័រ ទុកជា​ក្នុង​សុខ​ក៏​មិន​ញាប់ញ័រ​ ទុកជា​ក្នុង​ទុក្ខ​ក៏​មិន​ញាប់​ញ័រ មិន​កម្រើក មិន​រំភើប​ មិន​រន្ធត់ ហេតុ​នោះ (លោក​សួរ​ថា​) ជា​បុគ្គល​មិន​មានការ​ញាប់ញ័រ។ ពាក្យ​ថា ឃើញ​មូល គឺ​ព្រះមានព្រះភាគ​ទ្រង់​ឃើញ​ឫសគល់​ ឃើញ​ហេតុ ឃើញ​និទាន ឃើញ​សម្ភវៈ ឃើញ​សមុដ្ឋាន ឃើញ​អាហារ ឃើញ​អារម្មណ៍ ឃើញ​បច្ច័យ ឃើញ​សមុទ័យ។ អកុសលមូល ៣ គឺ លោភៈ ជាអកុសល​មូល ទោសៈ ជាអកុសល​មូល មោហៈ ជាអកុសល​មូល។ សម​ដូច​ព្រះមានព្រះភាគ​ត្រាស់​ព្រះតម្រាស់​នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ធម្មជាត ៣ នេះ ជាហេតុ ឲ្យ​កើត​កម្ម​ទាំងឡាយ គឺ​លោភៈ​ ជាហេតុ​ឲ្យ​កើត​កម្ម ទោសៈ​ជាហេតុ​ឲ្យ​កើត​កម្ម មោហៈ​ជាហេតុ​ឲ្យ​កើត​កម្ម ម្នាល​ភិក្ខុ​ទាំងឡាយ​ មិនមែន​ដោយ​កម្ម​កើតអំពី​លោភៈ ដោយ​កម្ម​កើតអំពី​ទោសៈ ដោយ​កម្ម​កើតអំពី​មោហៈ​ទេ ដែល (ធ្វើ​ឲ្យ​) ​ពួក​ទេវតា​ប្រាកដ ពួក​មនុស្ស​ប្រាកដ ឬក៏​ពួក​សុគតិ​ណា​នីមួយ​សូម្បី​ដទៃ​ (ប្រាកដ​)
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 637354323445605491
ទៅកាន់ទំព័រ៖