ព្រះត្រៃបិដក ភាគ ៦៧
ម្នាលភិក្ខុទាំងឡាយ តាមពិត ដោយកម្មកើតអំពីលោភៈ ដោយកម្មកើតអំពីទោសៈ ដោយកម្មកើតអំពីមោហៈ នរកទើបប្រាកដ កំណើតតិរច្ឆានប្រាកដ វិស័យនៃប្រេតប្រាកដ ឬក៏ពួកទុគ្គតិឯណានីមួយសូម្បីដទៃ ដើម្បីញុំាងអត្តភាពឲ្យកើតក្នុងនរក ក្នុងកំណើតតិរច្ឆាន ក្នុងវិស័យនៃប្រេត (ក៏ប្រាកដ) នេះអកុសលមូល ៣ ព្រះមានព្រះភាគ ទ្រង់ជ្រាប ទ្រង់ឃើញដូច្នេះ។ ព្រះមានព្រះភាគ ព្រះអង្គឃើញឫសគល់។បេ។ ឃើញសមុទ័យ យ៉ាងនេះឯង។ កុសលមូល មាន ៣ គឺអលោភៈ ជាកុសលមូល អទោសៈ ជាកុសលមូល អមោហៈ ជាកុសលមូល។ ដូចព្រះមានព្រះភាគ ត្រាស់ព្រះតម្រាស់នេះថា កុសលមូលទាំង ៣ នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ មិនមែនដោយកម្មកើតអំពីអលោភៈ ដោយកម្មកើតអំពីអទោសៈ ដោយកម្មកើតអំពីអមោហៈទេ ដែលនរកប្រាកដ កំណើតតិរច្ឆានប្រាកដ វិស័យនៃប្រេតប្រាកដ ឬក៏ពួកទុគ្គតិឯណានីមួយសូម្បីដទៃ (ប្រាកដ) ម្នាលភិក្ខុទាំងឡាយ តាមពិតដោយកម្មកើតអំពីអលោភៈ ដោយកម្មកើតអំពីអទោសៈ ដោយកម្មកើតអំពីអមោហៈ ពួកទេវតាទើបប្រាកដ ពួកមនុស្សប្រាកដ ឬក៏ពួកសុគតិឯណានីមួយ សូម្បីដទៃដើម្បីញុំាងអត្តភាពឲ្យកើតក្នុងទេវតា និងមនុស្ស (ក៏ប្រាកដ) នេះ កុសលមូល ៣ ព្រះមានព្រះភាគ ទ្រង់ជ្រាប ទ្រង់ឃើញដូច្នេះ។
ID: 637354323731423309
ទៅកាន់ទំព័រ៖