ព្រះត្រៃបិដក ភាគ ៦៧

ព្រះមានព្រះភាគ ទ្រង់​ឃើញ​ឫសគល់។បេ។ ឃើញ​សមុទ័យ​យ៉ាងនេះ​ឯង។ ហេតុ​នោះ ទើប​ព្រះ​មាន​ព្រះ​ភាគ ត្រាស់​ព្រះតម្រាស់​នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ ធម៌​ទាំង​ឡាយ​ណា​នីមួយ ជា​អកុសល ជា​ចំណែក​នៃ​អកុសល ប្រព្រឹត្តទៅ​ក្នុង​ពួក​នៃ​អកុសល ធម៌​ទាំងអស់​នោះ មាន​អវិជ្ជា​ជា​ឫស ប្រជុំ​ចុះ​ក្នុង​អវិជ្ជា ធម៌​ទាំងអស់​នោះ​ ដល់​នូវ​ការ​របើក​ឡើង ព្រោះ​របើក​ឡើង​នៃ​អវិជ្ជា ព្រះមានព្រះភាគ​ទ្រង់​ជ្រាប ទ្រង់​ឃើញ​ដូច្នេះ។ ព្រះមានព្រះភាគ ទ្រង់​ឃើញ​ឫសគល់ ឃើញ​ហេតុ​ ឃើញ​និទាន ឃើញ​សម្ភវៈ ឃើញ​សមុដ្ឋាន ឃើញ​អាហារ ឃើញ​អារម្មណ៍ ឃើញ​បច្ច័យ ឃើញ​សមុទ័យ យ៉ាងនេះ​ឯង ហេតុ​នោះ (លោក​សួរ​ថា​) មិន​មាន​ការ​ញាប់ញ័រ ទ្រង់​ឃើញ​នូវ​មូល។ ពាក្យ​ថា ដូច្នេះ ក្នុង​បទ​ថា ព្រះ​បុណ្ណ​កៈ​មាន​អាយុ​ (ក្រាបទូល​សួរ​) ដូច្នេះ គឺជា​ពាក្យ​តបទ។ ពាក្យ​ថា មាន​អាយុ គឺ​ពាក្យជា​ទី​ស្រលាញ់។ ពាក្យ​ថា បុណ្ណ​កៈ ជា​ឈ្មោះ​នៃ​ព្រាហ្មណ៍​នោះ។
 [១១៤​] ពាក្យ​ថា យើងខ្ញុំ​មក​ដោយ​ត្រូវការ​សួរ​ប្រស្នា​ អធិប្បាយ​ថា យើងខ្ញុំ​មក មាន​សេចក្តី​ត្រូវការ​ដោយ​ប្រស្នា​មក​ មានប្រាថ្នា​សួរ​ប្រស្នា​មក​ មានប្រាថ្នា​នឹង​ស្តាប់​ប្រស្នា ហេតុ​នោះ (លោក​សួរ​ថា​) យើងខ្ញុំ​មក​ ដោយ​ត្រូវការ​សួរ​ប្រស្នា​យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 637354324357598155
ទៅកាន់ទំព័រ៖