ព្រះត្រៃបិដក ភាគ ៦៧
[៣២] អ្នកទាំងអស់គ្នា ជាគណាចារ្យមួយ ៗ ល្បីទួទៅពេញលោកថា ជាអ្នកមានឈាន ត្រេកអរក្នុងឈាន ជាអ្នកប្រាជ្ញ សឹងមានវាសនាអប់រំមកហើយ ក្នុងបុព្វជាតិ។
[៣៣] (ព្រាហ្មណ៍ទាំងនោះ) ក៏ក្រាបអភិវាទ ធ្វើប្រទក្សិណនូវពាវរីព្រាហ្មណ៍នោះ ទាំងអស់គ្នា ជាអ្នកមានជដា ទ្រទ្រង់អជិនចម្មាភរណៈ មានមុខឆ្ពោះទៅកាន់ឧត្តរទិស ដើរចេញទៅ។
[៣៤] ក្នុងកាលនោះ តាបសទាំងនោះ ទៅកាន់ក្រុងឈ្មោះមហិស្សតី ជាទីប្រតិស្ឋាននៃដែនមុឡកៈ ១ ក្រុងឧជេ្ជនី ១ ក្រុងគោនទ្ធៈ ១ ព្រៃវេទិសៈ ១ ក្រុងកោសម្ពី ១ ក្រុងសាកេត ១ ក្រុងសាវត្ថីដ៏ឧត្តម ១ ក្រុងសេតព្យៈ ១ ក្រុងកបិលវត្ថុ ១ ក្រុងកុសិនារា ១ ក្រុងបាវា ១ ភោគនគរ ១ ក្រុងវេសាលី ១ ក្រុងក្នុងដែនមគធៈ ១ និងបាសាណកចេតិយស្ថានជាទីត្រេកអររីករាយចិត្ត ១។
[៣៥] (ពួកព្រាហ្មណ៍ទាំងនោះ) នាំគ្នាឡើងកាន់ភ្នំប្រញាប់ប្រញាល់ ដូចជាបុគ្គលស្រេក បានទឹកត្រជាក់ ដូចជាពាណិជបានលាភធំ ឬដូចជាបុគ្គលដែលត្រូវក្តៅ បានម្លប់។
[៣៦] សម័យនោះ ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម កំពុងសំដែងធម៌ដល់ពួកភិក្ខុ ដូចសីហៈកំពុងបន្លឺក្នុងព្រៃ។
ID: 637354141477545715
ទៅកាន់ទំព័រ៖