ព្រះត្រៃបិដក ភាគ ៦៧
សូម្បីពួកជនណា តាក់តែងនូវយញ្ញៈ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ គ្រឿងប្រទីប ពួកជនទាំងនោះ ក៏ឈ្មោះថា សម្រេចយញ្ញៈ។ ពួកជនណា ឲ្យបូជា លះបង់នូវយញ្ញៈ គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ គ្រឿងប្រទីប ជនទាំងនោះ ក៏ឈ្មោះថា សម្រេចយញ្ញៈ។ ពាក្យថា ច្រើន គឺពួកយញ្ញៈនុ៎ះច្រើន ឬពួកអ្នកបូជាយញ្ញៈនុ៎ះច្រើន ឬក៏ពួកជនដែលគួរដល់ទក្ខិណានុ៎ះច្រើន។ ពួកយញ្ញៈនុ៎ះច្រើន តើដូចម្តេច។ ពួកយញ្ញៈនុ៎ះ មានច្រើន គឺ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីសំណាក់អាស្រ័យ គ្រឿងប្រទីប ពួកយញ្ញៈនុ៎ះ មានច្រើន យ៉ាងនេះ។ ពួកអ្នកបូជាយញ្ញៈនុ៎ះ មានច្រើន តើដូចម្តេច។ ពួកអ្នកបូជាយញ្ញៈនុ៎ះ មានច្រើន គឺក្សត្រ ព្រាហ្មណ៍ អ្នកជំនួញ អ្នកគ្រួ គ្រហស្ថ បព្វជិត ទេវតា និងមនុស្ស ពួកអ្នកបូជាយញ្ញៈនុ៎ះ មានច្រើន យ៉ាងនេះ។
ID: 637354325624637292
ទៅកាន់ទំព័រ៖