ព្រះត្រៃបិដក ភាគ ៦៧

[១១៩​] (ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​បុណ្ណ​កៈ​) ​ពួក​មនុស្ស​ណា​នីមួយ គឺ​ឥសី ក្សត្រ និង​ព្រាហ្មណ៍​ជាច្រើន​នាក់ ក្នុង​លោក​នេះ សម្រេច​យញ្ញៈ​ដល់​ទេវតា​ទាំងឡាយ​ ម្នាល​បុណ្ណ​កៈ ពួក​សត្វ​ទាំងនោះ ប្រាថ្នា​ភាព​នេះ អាស្រ័យ​ជរា ទើបបាន​សម្រេច​យញ្ញៈ​ឡើង។

 [១២០​] ពាក្យ​ថា ពួក​មនុស្ស​ណា​នីមួយ គឺ​ឥសី ត្រង់​ពាក្យ​ថា​ ណា​នីមួយ គឺ​សព្វគ្រប់ សព្វ​ទាំងអស់ ឥត​សេសសល់ គ្មាន​សេសសល់ ពាក្យ​ថា ណា​នីមួយ នេះ​ជា​ពាក្យ​រួបរួម។ ពាក្យ​ថា ឥសី គឺ​ជន​ទាំងឡាយ​ណា​នីមួយ ជា​អាជីវក​ និគ្រន្ថ ជដិល តាបស​បួស​ជា​ឥសី​(ជន​ទាំងនោះ​) ឈ្មោះថា​ ឥសី។ ​ពួក​មនុស្ស លោក​ហៅថា មនុស្ស ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ​ពួក​មនុស្ស​ណា​នីមួយ គឺ​ឥសី។ ពាក្យ​ថា ម្នាល​បុណ្ណ​កៈ គឺ​ព្រះមានព្រះភាគ​ ទ្រង់​ហៅ​ព្រាហ្មណ៍​នោះ​ដោយ​ចំ​ឈ្មោះ។ ពាក្យ​ថា ព្រះមានព្រះភាគ​នេះ​ ជា​ពាក្យ​ហៅ​ដោយ​គោរព។បេ។ ការ​បញ្ញត្តិ​ថា មាន​ព្រះ​ភាគ​នេះ (កើត​ហើយ​) ព្រោះ​ការ​ត្រាស់​ដឹង ហេតុ​នោះ (មាន​ពាក្យ​ថា​) ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​បុណ្ណ​កៈ។
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 637354328475006378
ទៅកាន់ទំព័រ៖