ព្រះត្រៃបិដក ភាគ ៦៧
[៣៧] អជិតមាណព បានឃើញព្រះសម្ពុទ្ធ ហាក់ដូចព្រះអាទិត្យកំពុងផ្សាយចេញនូវរស្មី ពុំនោះសោត ដូចព្រះចន្ទពេញវង់ រះឡើងក្នុងថ្ងៃពេញបូណ៌មី។
[៣៨] លុះអជិតមាណព ឃើញព្រះកាយរបស់ព្រះសម្ពុទ្ធដ៏បរិបូណ៌ដោយព្យញ្ជនៈ ក៏មានចិត្តរីករាយ ឋិតនៅក្នុងទីសមគួរ ហើយសួរបញ្ហាដោយចិត្តនឹកថា
[៣៩] សូមព្រះអង្គ ទ្រង់សំដែងអាងនូវចំណាស់ សំដែងនូវគោត្ត ព្រមទាំងលក្ខណៈ សំដែងនូវសេចក្តីសម្រេចក្នុងមន្តទាំងឡាយ តើព្រាហ្មណ៍ (ជាអាចារ្យរបស់ខ្ញុំព្រះអង្គ) បង្រៀនសិស្សប៉ុន្មាន។
[៤០] (ព្រះមានព្រះភាគត្រាស់ថា) ព្រាហ្មណ៍ជាអាចារ្យរបស់អ្នកនោះ ឈ្មោះពាវរីដោយគោត្ត មានអាយុ ១២០ វស្សា កាយរបស់គាត់មានលក្ខណៈ ៣ យ៉ាង អ្នកដល់នូវត្រើយនៃវេទទាំងបី។
[៤១] គាត់បង្រៀនលក្ខណៈ និងឥតិហាសសាស្ត្រ ព្រមទាំងនិឃណ្ឌុសាស្ត្រ និងកេដុភសាស្រ្ត ដល់សិស្ស ៥០០ នាក់ ដល់នូវការសម្រេចក្នុងធម៌របស់ខ្លួន។
[៤២] (អជិតមាណពទូលសួរថា) បពិត្រព្រះអង្គឧត្តមជាងជន ជាអ្នកផ្ដាច់បង់នូវតណ្ហា សូមព្រះអង្គជ្រើសរើសលក្ខណៈទាំងឡាយ របស់ពាវរីព្រាហ្មណ៍ ហើយប្រកាស កុំឲ្យយើងខ្ញុំសង្ស័យឡើយ។
ID: 637354142010172292
ទៅកាន់ទំព័រ៖