ព្រះត្រៃបិដក ភាគ ៦៧

[១២៥​] (បុណ្ណ​កៈ​មាន​អាយុ ទូល​សួរ​ដូច្នេះ​ថា​) ​ពួក​មនុស្ស​ណា​នីមួយ គឺ​ឥសី ក្សត្រ និង​ព្រាហ្មណ៍​ជាច្រើន​នាក់​ក្នុង​លោក​នេះ សម្រេ​ចយ័ញ្ញ​ដល់​ទេវតា​ទាំង​ឡាយ បពិត្រ​ព្រះមានព្រះភាគ ពួក​មនុស្ស​ទាំងនោះ មិន​ធ្វេស​ក្នុង​ផ្លូ​វយ័ញ្ញ​ បពិត្រ​ព្រះអង្គ​និរទុក្ខ (មនុស្ស​ទាំង​នោះ​) ឆ្លង​ជាតិ និង​ជរា​បាន​ដែរ​ឬ បពិត្រ​ព្រះមានព្រះភាគ​ ខ្ញុំ​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ សូម​ព្រះអង្គ​ប្រាប់​សេចក្តី​នោះ​ដល់​ខ្ញុំ​ព្រះអង្គ។

 [១២៦​] ពាក្យ​ថា ណា​នីមួយ ក្នុង​បទ​ថា ពួក​មនុស្ស​ណា​នីមួយ​ គឺ​ឥសី។បេ។ អធិប្បាយ​ពាក្យ​ថា បពិត្រ​ព្រះមានព្រះភាគ ពួក​មនុស្ស​ទាំងនោះ​ មិន​ធ្វេស​ក្នុង​ផ្លូ​វយ័ញ្ញ ឆ្លង​ជាតិ និង​ជរា​បាន​ដែរ​ឬ ត្រង់​ពាក្យ​ថា ដែរ​ឬ គឺ​ការ​សួរ​ដោយ​សង្ស័យ​ ការ​សួរ​ដោយ​សេចក្តី​ងឿងឆ្ងល់ ការ​សួរ​ដោយ​ចិត្ត​បែក​ជា​ពីរ ការ​សួរ​ដោយ​ចំណែក​ច្រើន​ថា​ យ៉ាង​នេះ​ឬ មិនមែនទេ​ឬ ដូចម្តេច​ហ្ន៎ ដោយ​ប្រការ​ដូចម្តេច​ហ្ន៎​ ហេតុ​នោះ (លោក​សួរ​ថា​) ដែរ​ឬ។ ពាក្យ​ថា មនុស្ស​ទាំងនោះ បាន​ដល់​ពួក​មនុស្ស​អ្នក​បូ​ជាយ័​ញ្ញ។ ពាក្យ​ថា​ មាន​ព្រះ​ភាគ​នុ៎ះ ជា​ពាក្យ​ហៅ​ដោយ​គោរព។បេ។ ការ​បញ្ញតិ្ត​ថា មាន​ព្រះ​ភាគ​នេះ​ (កើត​) ព្រោះ​ការ​ត្រាស់​ដឹង ហេតុ​នោះ (លោក​សួរ​ថា​) បពិត្រ​ព្រះមានព្រះភាគ មនុស្ស​ទាំងនោះ ដែរ​ឬ។
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 637354361951060504
ទៅកាន់ទំព័រ៖