ព្រះត្រៃបិដក ភាគ ៦៧

ពាក្យ​ថា មិន​ធ្វេស​ក្នុង​ផ្លូវ​យញ្ញៈ សេចក្តី​ថា យញ្ញៈ​ហ្នឹងឯង លោក​ហៅថា ផ្លូវ​យញ្ញៈ។ មគ្គ​ប្រសើរ ផ្លូវ​ប្រសើរ ផ្លូវ​ទេវតា​ មាគ៌ា​ព្រហ្ម ផ្លូវ​ព្រហ្ម យ៉ាងណា យញ្ញៈ​ហ្នឹង​ឯង លោក​ហៅថា ផ្លូវ​យញ្ញៈ យ៉ាងនោះ​ឯង។ ពាក្យ​ថា មិន​ធ្វេស គឺ​មិន​ធ្វេស ធ្វើ​ដោយ​គោរព ធ្វើ​រឿយ ៗ មាន​កិរិយា​ធ្វើ​តាំង​មាំ មាន​កិរិយា​ប្រព្រឹត្ត​មិន​រួញរា​ មាន​ឆន្ទៈ​មិន​ដាក់​ចុះ មានធុរៈ​មិន​ដាក់ចុះ ប្រព្រឹត្ត​ក្នុង​ផ្លូវ​យញ្ញៈ​នោះ​ ច្រើន​ក្នុង​ផ្លូវ​យញ្ញៈ​នោះ ធ្ងន់​ក្នុង​ផ្លូវ​យញ្ញៈ​នោះ ឱន​ទៅ​ក្នុង​ផ្លូវ​យញ្ញៈ​នោះ ទោរ​ទៅ​ក្នុង​ផ្លូវ​យញ្ញៈ​នោះ​ ញោច​ទៅ​ក្នុង​ផ្លូវ​យញ្ញៈ​នោះ​ ចុះ​ស៊ប់​ក្នុង​ផ្លូវ​យញ្ញៈ​នោះ មានផ្លូវ​យញ្ញៈ​នោះ​ ជា​អធិបតី ហេតុ​នោះ (លោក​សួរ​ថា​) មិន​ធ្វេស​ក្នុង​ផ្លូវ​យញ្ញៈ។ សូម្បី​ពួក​ជន​ណា​ ស្វែង ស្វះស្វែង​ ស្វែងរក​នូវ​យញ្ញៈ​ គឺ​ចីវរ បិណ្ឌបាត​ សេនាសនៈ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿង​ក្រអូប គ្រឿង​លាប ទីដេក ទីសំណាក់​អាស្រ័យ​ គ្រឿង​ប្រទីប ជា​អ្នកធ្វើ​ដោយ​គោរព។បេ។ មាន​ផ្លូវ​យញ្ញៈ​នោះ​ជា​អធិបតី ជន​ទាំងនោះ ឈ្មោះថា មិន​ធ្វេស​ក្នុង​ផ្លូវ​យញ្ញៈ។ សូម្បី​​ពួក​ជន​ណា តាក់តែង​យញ្ញៈ គឺ​ចីវរ បិណ្ឌបាត សេនាសនៈ​ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿង​លាប ទីដេក​ ទីសំណាក់​អាស្រ័យ គ្រឿង​ប្រទីប ជា​អ្នក​ធ្វើ​ដោយ​គោរព។បេ។
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 637354362247036755
ទៅកាន់ទំព័រ៖