ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា សរសើរ គឺសរសើរយញ្ញៈក្តី សរសើរផលក្តី សរសើរទក្ខិណេយ្យបុគ្គលក្តី។ សរសើរយញ្ញៈ តើដូចម្តេច។ ជនទាំងឡាយ សរសើរ សំដែង ពណ៌នា ស្ងើចថា បុគ្គលឲ្យវត្ថុជាទីស្រឡាញ់ ឲ្យវត្ថុជាទីគាប់ចិត្ត ឲ្យវត្ថុដ៏ថ្លៃថ្លា ឲ្យវត្ថុដ៏គួរ ឲ្យវត្ថុដែលពិចារណារួចហើយ ឲ្យវត្ថុមិនមានទោស ឲ្យរឿយ ៗ កាលឲ្យ ក៏ញុំាងចិត្តឲ្យជ្រះថ្លា សរសើរយញ្ញៈយ៉ាងនេះ។ សរសើរផល តើដូចម្តេច។ ជនទាំងឡាយ សរសើរ សំដែង ពណ៌នា ស្ងើចថា ព្រោះការឲ្យនេះជាហេតុ នឹងបានរូប នឹងបានសំឡេង នឹងបានក្លិន នឹងបានរស នឹងបានផ្សព្វ នឹងបានអត្តភាពក្នុងត្រកូលនៃខត្តិយមហាសាល ក្នុងត្រកូលនៃព្រាហ្មណមហាសាល។បេ។ ក្នុងពួកទេវតាដែលប្រពឹ្រត្តទៅក្នុងពួកព្រហ្ម សរសើរផល យ៉ាងនេះ។ សរសើរទក្ខិណេយ្យបុគ្គល តើដូចម្តេច។ ជនទាំងឡាយ សរសើរ សំដែង ពណ៌នា ស្ងើចថា ទក្ខិណេយ្យបុគ្គលទាំងឡាយ ជាអ្នកបរិបូណ៌ដោយជាតិ បរិបូណ៌ដោយគោត្រ ជាអ្នកស្វាធ្យាយ ទ្រទ្រង់មន្ត ដល់នូវត្រើយនៃវេទ ៣ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរកេតុភៈ អក្ខរប្បភេទ មានគម្ពីរឥតិហាសៈជាគំរប់ ៥ ជាអ្នកចេះបទ ជាអ្នកចេះវេយ្យាករណ៍ មិនខ្វះខាត ក្នុងគម្ពីរលោកាយតៈ និងមហាបុរិសលក្ខណៈ
ID: 637354363548142668
ទៅកាន់ទំព័រ៖