ព្រះត្រៃបិដក ភាគ ៦៧

ពាក្យ​ថា ព្រះមានព្រះភាគ (ត្រាស់​ថា​) ម្នាល​បុណ្ណ​កៈ ត្រង់​ពាក្យ​ថា ម្នាល​បុណ្ណ​កៈ គឺ​ព្រះមានព្រះភាគ ហៅ​ព្រាហ្មណ៍​នោះ​ដោយ​ចំ​ឈ្មោះ។ ពាក្យ​ថា មាន​ព្រះ​ភាគ​នេះ​ ជា​ពាក្យ​ហៅ​ដោយ​គោរព។បេ។ ថា ព្រះមានព្រះភាគ​នេះ​ ហេតុ​នោះ (មាន​ពាក្យ​ថា​) ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​បុណ្ណ​កៈ។
 [១៣១​] ពាក្យ​ថា ជាប់ចិត្ត​ក្នុង​កាម ព្រោះ​អាស្រ័យ​លាភ​ គឺ​ជាប់​ចិត្ត​ក្នុង​កាម ព្រោះ​អាស្រ័យ​ការបាន​រូប​ ជាប់ចិត្ត​ក្នុង​កាម ព្រោះ​អាស្រ័យ​ការបាន​សំឡេង។បេ។ ជាប់ចិត្ត ជាប់ចិត្ត​ស៊ប់ ជាប់​ចំពាក់​ក្នុង​កាម​ ព្រោះ​អាស្រ័យ​ការបាន​អត្តភាព​ក្នុង​ពួក​ទេវតា​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ពួក​ព្រហ្ម ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជាប់ចិត្ត​ក្នុង​កាម​ព្រោះ​អាស្រ័យ​លាភ។
 [១៣២​] អធិប្បាយ​ពាក្យ​ថា តថាគត​ពោល​ថា ជន​ទាំងនោះ​ ជា​អ្នក​ប្រកប​ក្នុង​បូជា ត្រេកអរ​ក្នុង​ភវ​រាគៈ ឆ្លង​ជាតិ និង​ជរា​មិនបានទេ ត្រង់​ពាក្យ​ថា​ ជន​ទាំងនោះ គឺ​ពួក​ជន​អ្នក​បូជា​យញ្ញៈ។ ពាក្យ​ថា ប្រកប​ក្នុង​បូជា គឺជា​អ្នក​ប្រកប​ ប្រកប​ទួទៅ ប្រកប​ព្រម​ ក្នុង​បូជា​ទាំងឡាយ ជា​អ្នក​ប្រព្រឹត្ត​ក្នុង​បូជា​នោះ​ ច្រើន​ក្នុង​បូជា​នោះ ធ្ងន់​ក្នុង​បូជា​នោះ ឱន​ទៅ​ក្នុង​បូជា​នោះ ទោរ​ទៅ​ក្នុង​បូជា​នោះ ញោច​ទៅ​ក្នុង​បូជា​នោះ ចុះ​ស៊ប់​ក្នុង​បូជា​នោះ មាន​បូជា​នោះ​ជា​អធិបតី ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ជន​ទាំងនោះ ជា​អ្នក​ប្រកប​ក្នុង​បូជា។
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 637354364346214902
ទៅកាន់ទំព័រ៖