ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា ត្រេកអរក្នុងភវរាគៈ សេចក្តីថា តណ្ហា ហៅថា ភវរាគៈ បានខាងសេចក្តីប៉ុនប៉ងក្នុងភព សេចក្តីត្រេកអរក្នុងភព សេចក្តីប្រាថ្នាក្នុងភព ការស្នេហាក្នុងភព សេចក្តីស្រេកឃ្លានក្នុងភព សេចក្តីក្តៅក្រហាយក្នុងភព សេចក្តីជ្រប់ក្នុងភព សេចក្តីចូលចិត្តមាំក្នុងភព ក្នុងភពទាំងឡាយ ជនទាំងឡាយ ត្រេកអរ ធ្លាក់ចុះ ជ្រុលជ្រប់ ងុលងប់ ជាប់ ចំពាក់ ព័ន្ធព័ទ្ធក្នុងភពទាំងឡាយ ដោយសេចក្តីរីករាយក្នុងភព ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងនោះ ជាអ្នកប្រកបក្នុងការបូជា ត្រេកអរក្នុងភវរាគៈ។ ពាក្យថា តថាគតពោលថា ជនទាំងនោះ ឆ្លងជាតិ និងជរាមិនបានទេ គឺជនទាំងនោះ ជាអ្នកប្រកបក្នុងបូជា ត្រេកអរក្នុងភវរាគៈ ឆ្លងមិនបាន ឆ្លងឡើងមិនបាន ឆ្លងទួទៅមិនបាន កន្លងព្រមមិនបាន ប្រព្រឹត្តកន្លងមិនបាន នូវជាតិ ជរា និងមរណៈ មិនចេញ មិនរលាស់ចេញ មិនឈានកន្លង មិនឈានកន្លងព្រម មិនប្រព្រឹត្តកន្លង ចាកជាតិ ជរា និងមរណៈ រមែងវិលវល់នៅតែខាងក្នុងនៃជាតិ ជរា និងមរណៈ វិលវល់ខាងក្នុងផ្លូវសង្សារ ប្រព្រឹត្តទៅតាមជាតិ ត្រូវជរាជាប់តាម ត្រូវព្យាធិគ្របសង្កត់ ត្រូវមរណៈកំចាត់ហើយ គ្មានទីពំនាក់ គ្មានទីជ្រកកោន គ្មានទីពឹង គ្មានទីផ្អែក តថាគតពោល ប្រាប់ សំដែង បញ្ញត្ត តាំងផ្តើម បើក ចែក រលែក ធ្វើឲ្យរាក់ ប្រកាសដូច្នេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ជនទាំងនោះ ជាអ្នកប្រកបក្នុងបូជា ត្រេកអរក្នុងភវរាគៈ ឆ្លងជាតិ និងជរាមិនបានទេ។
ID: 637354364645472361
ទៅកាន់ទំព័រ៖