ព្រះត្រៃបិដក ភាគ ៦៧

 [១៣៤​] ពាក្យ​ថា បើ​ជន​ជា​អ្នក​ប្រកប​ក្នុង​ការ​បូជា​ទាំងនោះ​ ឆ្លង​មិនបានទេ សេចក្តី​ថា ជន​ជា​អ្នក​បូ​ជាយ័​ញ្ញ​ ប្រកប​ក្នុង​ការ​បូជា ត្រេកអរ​ក្នុង​ភវ​រាគៈ​ទាំងនោះ មិន​ឆ្លង​ចុះ​ មិន​ឆ្លង​ឡើង មិន​ឆ្លង​ទួទៅ មិន​កន្លង​ព្រម មិន​ប្រព្រឹត្ត​កន្លង​បាន​ នូវ​ជាតិ ជរា និង​មរណៈ ជន​ទាំងនោះ មិន​ចេញ មិន​រលាស់​ចេញ មិន​ឈាន​កន្លង មិន​ឈាន​កន្លង​ព្រម មិន​ប្រព្រឹត្ត​កន្លង ចាក​ជាតិ ជរា និង​មរណៈ វិលវល់​ខាងក្នុង​នៃជា​តិ ជរា និង​មរណៈ​ វិលវល់​ខាង​ក្នុង​ផ្លូវ​នៃ​សង្សារ ប្រព្រឹត្តទៅ​តាម​ជាតិ ត្រូវ​ជរា​ជាប់​តាម ត្រូវ​ព្យាធិ​គ្រប​សង្កត់ ត្រូវ​មរណៈ​កំចាត់​ហើយ គ្មាន​ទី​ពំនាក់ គ្មាន​ទីជ្រកកោន គ្មាន​ទីពឹង គ្មាន​ទី​ផ្អែក ហេតុ​នោះ (លោក​សួរ​ថា​) បើ​ជន​ជា​អ្នក​ប្រកប​ក្នុង​ការ​បូជា​ទាំងនោះ ឆ្លង​មិនបានទេ។ ពាក្យ​ថា ដូច្នេះ​ ក្នុង​បទ​ថា បុណ្ណ​កៈ​មាន​អាយុ ក្រាបទូល​សួរ​ដូច្នេះ គឺជា​បទ​តភ្ជាប់។បេ។ បុណ្ណ​កៈ​មាន​អាយុ។
 [១៣៥​] ពាក្យ​ថា បពិត្រ​ព្រះអង្គ​និរទុក្ខ (បើ​ជន​ទាំងឡាយ​ឆ្លង​) ជាតិ និង​ជរា​ដោយ​យ័ញ្ញ​មិនបានទេ សេចក្តី​ថា ដោយ​យ័ញ្ញ​ទាំងឡាយ​ដ៏​ច្រើន ដោយ​យ័ញ្ញ​ទាំងឡាយ​ផ្សេង​ ៗ ដោយ​យ័ញ្ញ​ដ៏​ក្រាស់ក្រែល។
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 637354365344624941
ទៅកាន់ទំព័រ៖