ព្រះត្រៃបិដក ភាគ ៦៧
[១៣៨] (ព្រះមានព្រះភាគត្រាស់ថា ម្នាលបុណ្ណកៈ) សេចក្តីញាប់ញ័រក្នុងទីនីមួយក្នុងលោកនៃបុគ្គលណា មិនមានទេ ព្រោះដឹងនូវត្រើយនាយ និងត្រើយអាយក្នុងលោក តថាគតពោលថា បុគ្គលនោះ ជាអ្នកស្ងប់ អ្នកកំចាត់បង់ អ្នកមិនមានទុក្ខ អ្នកមិនមានប្រាថ្នា អាចឆ្លងជាតិ និងជរាបាន។
[១៣៩] ពាក្យថា ព្រោះដឹងនូវត្រើយនាយ និងត្រើយអាយក្នុងលោក សេចក្តីថា ញាណ លោកហៅថា ការដឹង បានខាងបញ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ សេចក្តីឃើញត្រូវ។ ពាក្យថា ត្រើយនាយ និងត្រើយអាយ គឺមនុស្សលោក ហៅថា ត្រើយអាយ ទេវលោក ហៅថាត្រើយនាយ កាមធាតុ ហៅថា ត្រើយអាយ រូបធាតុ និងអរូបធាតុ ហៅថា ត្រើយនាយ កាមធាតុ និងរូបធាតុ ហៅថា ត្រើយអាយ អរូបធាតុ ហៅថា ត្រើយនាយ។ ពាក្យថា ព្រោះដឹងនូវត្រើយនាយ និងត្រើយអាយក្នុងលោក គឺព្រោះដឹងនូវត្រើយនាយ និងត្រើយអាយថា មិនទៀង ព្រោះដឹង យល់ ថ្លឹង ពិចារណា សំដែង ធ្វើឲ្យប្រាកដ ថាជាទុក្ខ ជារោគ ជាបូស ជាសរ។បេ។
ID: 637354366386791209
ទៅកាន់ទំព័រ៖