ព្រះត្រៃបិដក ភាគ ៦៧
មេត្តគូមាណវកប្បញ្ហានិទ្ទេស ទី៤
[១៤២] (មេត្តគូមាណពមានអាយុទូលសួរដូច្នេះថា) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់នូវសេចក្តីនោះដល់ខ្ញុំព្រះអង្គឲ្យទាន ខ្ញុំព្រះអង្គសំគាល់ឃើញថា ព្រះអង្គជាអ្នកដល់នូវវេទ ជាអ្នកមានខ្លួនបានអប់រំហើយ សេចក្តីទុក្ខទាំងឡាយណាមួយ ជាច្រើនប្រការក្នុងលោក សេចក្តីទុក្ខទាំងនេះ កើតមកអំពីទីណាហ្ន៎។
[១៤៣] អធិប្បាយពាក្យថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់នូវសេចក្តីនោះដល់ខ្ញុំព្រះអង្គ ត្រង់ពាក្យថា សួរ បានដល់សំនួរ ៣ គឺ អទិដ្ឋជោតនាបុច្ឆា (សំនួរជាគ្រឿងបំភ្លឺហេតុដែលមិនទាន់បានឃើញ) ១ ទិដ្ឋសំសន្ទនាបុច្ឆា (សំនួរជាគ្រឿងប្រៀបផ្ទឹមហេតុដែលធ្លាប់ឃើញហើយ) ១ វិមតិច្ឆេទនាបុច្ឆា (សំនួរជាគ្រឿងកាត់សេចក្តីងឿងឆ្ងល់) ១។
អទិដ្ឋជោតនាបុច្ឆា តើដូចម្តេច។ លក្ខណៈដែលបុគ្គលមិនទាន់ដឹង មិនទាន់ឃើញ មិនទាន់ថ្លឹង មិនទាន់ពិចារណា មិនទាន់យល់ច្បាស់ មិនទាន់ប្រាកដ ដោយប្រក្រតី បុគ្គលសួរប្រស្នាដើម្បីការដឹង ការឃើញ ការថ្លឹង ការពិចារណា ដើម្បីប្រយោជន៍ដល់ការយល់ច្បាស់ ដើម្បីប្រយោជន៍ឲ្យប្រាកដនូវលក្ខណៈនោះ នេះ អទិដ្ឋជោតនាបុច្ឆា។
ID: 637354370028825379
ទៅកាន់ទំព័រ៖