ព្រះត្រៃបិដក ភាគ ៦៧

 [១៥៣​] ពាក្យ​ថា បុគ្គល​ណា មិន​ចេះ តែង​ធ្វើ​ឧបធិ​ឲ្យ​កើតឡើង ត្រង់​ពាក្យ​ថា​ ណា គឺ​ឯណា បែប​ណា ប្រកប​យ៉ាងណា មាន​បែបផែន​យ៉ាងណា មាន​ប្រការ​យ៉ាងណា ដល់​នូវ​ឋានៈ​យ៉ាងណា​ ប្រកបដោយ​ធម៌​ណា ទោះជា​ក្សត្រ​ក្តី ព្រាហ្មណ៍​ក្តី វេស្សៈ​ក្តី សុទ្ទៈ​ក្តី គ្រហស្ថ​ក្តី​ បព្វជិត​ក្តី ទេវតា​ក្តី មនុស្ស​ក្តី។ ពាក្យ​ថា មិន​ចេះ គឺ​បុគ្គល​ជា​អ្នក​មិន​ចេះ តាំងនៅ​ក្នុង​អវិជ្ជា​ ជា​អ្នក​គ្មាន​ញាណ មិន​ឈ្វេងយល់ អាប់​ឥត​ប្រាជ្ញា។ ពាក្យ​ថា ធ្វើ​ឧបធិ គឺ​ធ្វើ​តណ្ហូ​បធិ​ ធ្វើ​ទិ​ដ្ឋូ​បធិ ធ្វើ​កិ​លេ​សូប​ធិ ធ្វើ​កម្មូ​បធិ ធ្វើ​ទុ​ច្ច​រិតូ​បធិ ធ្វើ​អាហា​រូប​ធិ ធ្វើ​បដិ​ឃូប​ធិ​ ធ្វើ​ឧបធិ គឺ​ឧបា​ទិន្ន​ធាតុ ៤ ធ្វើ​ឧបធិ គឺ​អាយតនៈ​ខាងក្នុង ៦ ធ្វើឲ្យ​កើត ឲ្យ​កើត​ព្រម​ បង្កើត​នូវ​ឧបធិ គឺ​ពួក​វិញ្ញាណ ៦ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ណា មិន​ចេះ តែង​ធ្វើ​ឧបធិ​ឲ្យ​កើតឡើង។
 [១៥៤​] ពាក្យ​ថា បុគ្គល​ល្ងង់ខ្លៅ (នោះ​) រមែង​បាន​ទុក្ខ​រឿយ ៗ ត្រង់​ពាក្យ​ថា រមែង​បាន​ទុក្ខ​រឿយ ៗ គឺ​ដល់ ចូល​ដល់ ចូល​ទៅដល់​ កាន់​យក ស្ទាប​អងែ្អល ជាប់​ចំពាក់ ចំពោះ​ជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោក​បរិទេវ​ទុក្ខ​ ទោ​មនស្សុ​បាយាស​ទុក្ខ​រឿយ ៗ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) រមែង​បាន​ទុក្ខ​រឿយ ៗ។
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 637354491904140175
ទៅកាន់ទំព័រ៖