ព្រះត្រៃបិដក ភាគ ៦៧

តណ្ហា លោក​ហៅថា សេចក្តី​ត្រេកត្រអាល បាន​ដល់​រាគៈ រាគៈ​មាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យ​ថា សេចក្តី​ប្រកាន់ បាន​ដល់ សេចក្តី​ប្រកាន់ ២ គឺ​ការ​ប្រកាន់​គឺ​តណ្ហា ១ ការ​ប្រកាន់​គឺ​ទិដ្ឋិ ១។ ការ​ប្រកាន់​គឺ​តណ្ហា តើ​ដូចម្តេច។ ពោល​គឺ តណ្ហា​មានកំណត់​ត្រឹមណា។បេ។ នេះ សេចក្តី​ប្រកាន់​គឺ​តណ្ហា។ សេចក្តី​ប្រកាន់​គឺ​ទិដ្ឋិ តើ​ដូចម្តេច។ សក្កា​យទិដ្ឋិ​មាន​វត្ថុ​ ២០។បេ។ នេះ សេចក្តី​ប្រកាន់​គឺ​ទិដ្ឋិ។ ពាក្យ​ថា ចូរ​បន្ទោបង់​វិញ្ញាណ សេចក្តី​ថា វិញ្ញាណ​ប្រកបដោយ​បុញ្ញាភិសង្ខារ​ វិញ្ញាណ​ប្រកបដោយ​អបុញ្ញាភិសង្ខារ វិញ្ញាណ​ប្រកប​ដោយ​អនេញ្ជា​ភិ​សង្ខារ។ អ្នក​ចូរ​ខ្ជាក់​ រលាស់ បន្សាត់ ផាត់ លះ ច្រាន បន្ទោបង់ ធ្វើឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​មាន​បែបភាព នូវ​សេចក្តី​ត្រេកត្រអាល​ផង​ នូវ​សេចក្តី​ប្រកាន់​ផង នូវ​វិញ្ញាណ​ប្រកបដោយ​អភិសង្ខារ​ផង ក្នុង​ធម៌​ទាំងឡាយ​នោះ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អ្នក​ចូរ​បន្ទោបង់​សេចក្តី​ត្រេកត្រអាល​ផង​ សេចក្តី​ប្រកាន់​ផង វិញ្ញាណ​ផង ក្នុង​ធម៌​ទាំងឡាយ​នុ៎ះ។ ពាក្យ​ថា ភព​របស់​បទ​ថា មិន​ឋិតនៅ​ក្នុង​ភព​ បាន​ដល់​ភព ២ គឺ កម្ម​ភព ១ បុ​នព្ភព គឺ​បដិសន្ធិ ១។ កម្ម​ភព តើ​ដូចម្តេច។ គឺ​បុញ្ញាភិសង្ខារ​ អបុញ្ញាភិសង្ខារ អនេញ្ជា​ភិ​សង្ខារ នេះ​កម្ម​ភព។ បុ​នព្ភព គឺ​បដិសន្ធិ តើ​ដូចម្តេច។
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 637355153549645590
ទៅកាន់ទំព័រ៖