ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា ប្រព្រឹត្ត គឺប្រព្រឹត្ត ត្រួតត្រាមើល សម្រេច ទៅ រក្សា យាត្រា ឲ្យយាត្រាទៅ។ ពាក្យថា សេចក្តីប្រកាន់ បានដល់សេចក្តីប្រកាន់ ២ គឺ សេចក្តីប្រកាន់គឺតណ្ហា ១ សេចក្តីប្រកាន់គឺទិដ្ឋិ ១។បេ។ នេះ សេចក្តីប្រកាន់គឺតណ្ហា។បេ។ នេះ សេចក្តីប្រកាន់គឺទិដ្ឋិ។ ភិក្ខុលះបង់សេចក្តីប្រកាន់គឺតណ្ហា រលាស់ចោលសេចក្តីប្រកាន់គឺទិដ្ឋិ លះបង់ លះចោល បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវសេចក្តីប្រកាន់ ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុលះបង់សេចក្តីប្រកាន់ហើយប្រព្រឹត្ត។
[១៧៩] អធិប្បាយពាក្យថា ជាអ្នកចេះដឹង គប្បីលះបង់ទុក្ខ គឺជាតិ ជរា សោកៈ និងបរិទេវៈ ក្នុងលោកនេះបាន ត្រង់ពាក្យថា ជាតិ បានដល់ កំណើត ការកើតព្រម ការចុះកាន់គភ៌ ការផ្តួចផ្តើមឡើង ការកើតឡើងចំពោះ ការប្រាកដឡើងនៃខន្ធ ការបានចំពោះអាយតនៈនៃពួកសត្វនោះ ៗ ក្នុងសត្តនិកាយនោះ ៗ។ ពាក្យថា ជរា បានដល់ ការចាស់ ការគ្រាំគ្រា ការរង្គោះធ្មេញ ការស្កូវសក់ ការជ្រួញជ្រីវស្បែក ការរួញថយនៃអាយុ ការចាស់ទុំនៃឥន្ទ្រិយ របស់ពួកសត្វនោះៗ ក្នុងសត្តនិកាយនោះៗ។
ID: 637355155011551789
ទៅកាន់ទំព័រ៖