ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា ទុក្ខ បានដល់ជាតិទុក្ខ។បេ។ សោកបរិទេវទុក្ខ ទោមនស្សុបាយាសទុក្ខ។ ពាក្យថា អ្នកចេះដឹង គប្បីលះបង់ទុក្ខ គឺជាតិ ជរា សោកៈ និងបរិទេវៈក្នុងលោកនេះ បានន័យថា បុគ្គលអ្នកចេះ អ្នកតាំងនៅក្នុងវិជ្ជា មានញាណ មានការឈ្វេងយល់ មានប្រាជ្ញាធ្លុះធ្លាយ គប្បីលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យមានបែបភាព នូវជាតិ និងជរាផង សោកៈ និងបរិទេវៈផង ក្នុងលោកនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាអ្នកចេះដឹង គប្បីលះបង់ទុក្ខ គឺជាតិ ជរា សោកៈ និងបរិទេវៈក្នុងលោកនេះ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ភិក្ខុមានការនៅយ៉ាងនេះ មានសតិ អ្នកមិនប្រហែស លះបង់សេចក្តីប្រកាន់ហើយប្រព្រឹត្ត ជាអ្នកចេះដឹង គប្បីលះបង់នូវទុក្ខ គឺជាតិ ជរា សោកៈ និងបរិទេវៈក្នុងលោកនេះបាន។
[១៨០] (មេត្តគូមាណពទូលថា) ខ្ញុំព្រះអង្គត្រេកអរចំពោះព្រះវាចានុ៎ះ របស់ព្រះមហេសី បពិត្រព្រះគោតម ព្រះនិព្វានជាគុណជាតិមិនមានឧបធិ ព្រះអង្គបានសំដែងហើយដោយប្រពៃ ព្រះមានព្រះភាគ លះទុក្ខបានដោយពិត ព្រោះធម៌នុ៎ះ ព្រះអង្គជ្រាបច្បាស់ហើយ។
ID: 637355155674605773
ទៅកាន់ទំព័រ៖