ព្រះត្រៃបិដក ភាគ ៦៧

 ពាក្យ​ថា ទាំង​ឆ្លង​ដល់ត្រើយ សេចក្តី​ថា អមត​និព្វាន​ លោក​ហៅថា ត្រើយ បាន​ដល់​ការ​រម្ងាប់​នូវ​សង្ខារ​ទាំងពួង ការ​រលាស់​ចេញ​នូវ​ឧបធិ​ទាំងពួង ការ​អស់​តណ្ហា ការប្រាសចាក​តម្រេក ទី​រលត់​និព្វាន។ ព្រះអរហន្ត​នោះ ទៅកាន់​ត្រើយ ដល់ត្រើយ ទៅកាន់​ទីបំផុត​ ដល់ទីបំផុត ទៅកាន់​ទី​ខាងចុង ដល់​ខាងចុង ទៅកាន់​ទីបំផុត​ជុំវិញ ដល់ទីបំផុត​ជុំវិញ ទៅកាន់​ទី​ចប់​ ដល់ទី​ចប់ ទៅកាន់​ទី​ពំនាក់ ដល់ទី​ពំនាក់ ទៅកាន់​ទីជ្រកកោន ដល់ទី​ជ្រកកោន ទៅកាន់​ទីពឹង ដល់ទី​ពឹង ទៅកាន់​ទី​មិន​មាន​ភ័យ ដល់ទី​មិន​មាន​ភ័យ​ ទៅកាន់​ទី​មិន​ច្យុត ដល់ទី​មិន​ច្យុត ទៅកាន់​អមតៈ ដល់​អមតៈ ទៅកាន់​ព្រះនិព្វាន​ ដល់​ព្រះនិព្វាន ព្រះអរហន្ត​នោះ មានការ​អប់រំ​នៅ​ស្រេចហើយ មាន​ចរណ​ធម៌​ប្រព្រឹត្ត​ហើយ។បេ។ ភព​ថ្មី​គឺ​ការ​អន្ទោល​ទៅ​ដោយ​ជាតិ ជរា និង​មរណៈ របស់​ព្រះអរហន្ត​នោះ​មិន​មាន ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ទាំង​ឆ្លង​ទៅដល់​ត្រើយ។ ពាក្យ​ថា មិន​មាន​បង្គោល សេចក្តី​ថា បង្គោល​គឺ​រាគៈ បង្គោល​គឺ​ទោសៈ​ បង្គោល​គឺ​មោហៈ បង្គោល​គឺ​កោ​ធៈ បង្គោល​គឺ​ឧបនាហៈ។បេ។ បង្គោល​គឺ​ការ​តាក់តែង​អកុសល​ទាំងពួង។
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637355161180626456
ទៅកាន់ទំព័រ៖