ព្រះត្រៃបិដក ភាគ ៦៧
បង្គោលទាំងនោះ ព្រះអរហន្តណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ព្រះអរហន្តនោះ លោកហៅថា អ្នកមិនមានបង្គោល។ ពាក្យថា មិនមានសេចក្តីងឿងឆ្ងល់ សេចក្តីថា ការងឿងឆ្ងល់ក្នុងទុក្ខ ការងឿងឆ្ងល់ក្នុងសមុទ័យ ការងឿងឆ្ងល់ក្នុងទុក្ខនិរោធ ការងឿងឆ្ងល់ក្នុងទុក្ខនិរោធគាមិនីបដិបទា ការងឿងឆ្ងល់ក្នុងទីបំផុតខាងដើម ការងឿងឆ្ងល់ក្នុងទីបំផុតខាងចុង ការងឿងឆ្ងល់ក្នុងទីបំផុតខាងដើម និងខាងចុង ការងឿងឆ្ងល់ក្នុងធម៌ទាំងឡាយ ដែលកើតឡើង ព្រោះអាស្រ័យឥទប្បច្ច័យ គឺបានដល់សេចក្តីងឿងឆ្ងល់ អាការងឿងឆ្ងល់ ភាពនៃសេចក្តីងឿងឆ្ងល់ ការប្រាសចាកគំនិត សេចក្តីសង្ស័យ ហេតុបែកជាពីរ ផ្លូវបែកជាពីរ ការអល់ឯក ការកាន់យកច្រើនយ៉ាង ការកន្ទះរា ការអង្គឺអង្គែ ការមិនចុះស៊ប់ ភាពនៃចិត្តស្លន់ស្លោ ការប្រេះឆារនៃចិត្តមានសភាពយ៉ាងនេះ។ សេចក្តីងឿងឆ្ងល់ទាំងនុ៎ះ ព្រះអរហន្តណា បានលះបង់ ផ្តាច់ផ្តិល ស្ងប់រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ព្រះអរហន្តនោះ លោកពោលថា អ្នកមិនមានសេចក្តីងឿងឆ្ងល់ ហេតុនោះ (ទ្រង់ត្រាស់ថា) ទាំងឆ្លងដល់ត្រើយ ជាអ្នកមិនមានបង្គោល មិនមានសេចក្តីងឿងឆ្ងល់។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ID: 637355161546454181
ទៅកាន់ទំព័រ៖