ព្រះត្រៃបិដក ភាគ ៦៧
ធោតកមាណវកប្បញ្ហានិទ្ទេស ទី៥
[១៩៩] ធោតកៈមានអាយុ (ទូលសួរដូច្នេះថា) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គសំដែងសេចក្តីនោះ ដល់ខ្ញុំព្រះអង្គ បពិត្រព្រះមហេសី ខ្ញុំព្រះអង្គប្រាថ្នា (ស្តាប់) ព្រះពុទ្ធដីការបស់ព្រះអង្គ (ព្រោះថា) បុគ្គលស្តាប់ទេសនារបស់ព្រះអង្គហើយ នឹងសិក្សានូវការរំលត់ (កិលេស) របស់ខ្លួនបាន។
[២០០] អធិប្បាយពាក្យថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គសំដែងសេចក្តីនោះ ដល់ខ្ញុំព្រះអង្គ ត្រង់ពាក្យថា សូមសួរ បានដល់ បុច្ឆា ៣ គឺអទិដ្ឋជោតនាបុច្ឆា ១ ទិដ្ឋសំសន្ទនាបុច្ឆា ១ វិមតិច្ឆេទនាបុច្ឆា ១។បេ។ នេះ បុច្ឆា ៣។បេ។ និព្វានបុច្ឆា។ ពាក្យថា ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ គឺខ្ញុំព្រះអង្គ សូមសួរចំពោះព្រះអង្គ សូមអង្វរព្រះអង្គ សូមអារាធនាព្រះអង្គ សូមជ្រះថ្លានឹងព្រះអង្គ សូមព្រះអង្គសំដែងដល់ខ្ញុំព្រះអង្គ ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ។ ពាក្យថា ព្រះមានព្រះភាគនេះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញតិ្តថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការធ្វើឲ្យជាក់ច្បាស់។
ID: 637355164277743086
ទៅកាន់ទំព័រ៖