ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា មានបញ្ញាចាស់ក្លា គឺមានបញ្ញាឆ្អិន ជាបណ្ឌិតមានប្រាជ្ញា មានការចេះដឹង មានញាណ ជាអ្នកប្រាជ្ញ មានប្រាជ្ញាជាគ្រឿងទំលាយបង់នូវកិលេស។ ពាក្យថា មានស្មារតី គឺមានស្មារតីដោយហេតុ ៤ គឺ បុគ្គលកំពុងចំរើនកាយានុបស្សនាសតិប្បដ្ឋានក្នុងកាយ ឈ្មោះថា អ្នកមានសា្មរតី។បេ។ បុគ្គលនោះ លោកហៅថា អ្នកមានស្មារតី ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលក្នុងលោកនេះ ជាអ្នកមានបញ្ញាចាស់ក្លា មានស្មារតី។
[២០៧] ពាក្យថា ស្តាប់ទេសនាអំពីទីនេះហើយ គឺស្តាប់ ត្រង់ត្រាប់ រៀន ទ្រទ្រង់ កំណត់ទុក នូវពាក្យ គន្លងពាក្យ ទេសនា អនុសន្ធិ របស់តថាគត អំពីទីនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) ស្តាប់នូវទេសនា អំពីទីនេះហើយ។
[២០៨] អធិប្បាយពាក្យថា នឹងសិក្សានូវការរំលត់ (កិលេស) របស់ខ្លួន ត្រង់ពាក្យថា នឹងសិក្សា បានដល់សិក្ខា ៣ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។បេ។ នេះ អធិប្បញ្ញាសិក្ខា។ ពាក្យថា ការរំលត់ (កិលេស) របស់ខ្លួន គឺនឹងសិក្សាអធិសីលផង នឹងសិក្សាអធិចិត្តផង នឹងសិក្សាអធិប្បញ្ញាផង ដើម្បីការរំលត់រាគៈ ការរំលត់ទោសៈ ការរំលត់មោហៈ ការរំលត់កោធៈ ការរំលត់ឧបនាហៈ។បេ។
ID: 637355166766969304
ទៅកាន់ទំព័រ៖