ព្រះត្រៃបិដក ភាគ ៦៧
[២១០] អធិប្បាយពាក្យថា ខ្ញុំព្រះអង្គបានឃើញព្រះអង្គ ជាទេវតាក្នុងមនុស្សលោក ត្រង់ពាក្យថា ទេវតា បានដល់ ពួកទេព ៣ គឺសម្មតិទេព ១ ឧបបត្តិទេព ១ វិសុទ្ធិទេព ១។ សម្មតិទេព តើដូចម្តេច។ ពួកព្រះរាជា ព្រះរាជកុមារ និងព្រះទេពី លោកហៅថា សម្មតិទេព។ ឧបបត្តិទេព តើដូចម្តេច។ ពួកទេពឋិតនៅក្នុងចាតុម្មហារាជិកា ពួកទេពឋិតនៅក្នុងតាវត្តឹង្ស ពួកទេពឋិតនៅក្នុងយាមា ពួកទេពឋិតនៅក្នុងតុសិត ពួកទេពឋិតនៅក្នុងនិម្មានរតី ពួកទេពឋិតនៅក្នុងបរនិម្មិតវសវត្តី និងពួកទេពជាពួកនៃព្រហ្ម ជាពួកទេពដែលឋិតនៅខាងលើ ពួកទេពទាំងនុ៎ះ លោកហៅថា ឧបបត្តិទេព។ វិសុទ្ធិទេព តើដូចម្តេច។ ពួកព្រះអរហន្តខីណាស្រព ជាសាវ័ករបស់ព្រះតថាគត និងពួកព្រះខីណាស្រពដែលជាព្រះបច្ចេកពុទ្ធ លោកហៅថា វិសុទ្ធិទេព។ ព្រះមានព្រះភាគ ជាទេពរបស់ពួកសម្មតិទេព ឧបបត្តិទេព និងវិសុទ្ធិទេព ជាទេពដ៏ក្រៃលែងផង ជាទេពធំកន្លងជាងពួកទេពផង ជាសីហៈធំជាងសីហៈផង ជានាគធំជាងនាគផង ជាមេគណៈធំជាងមេគណៈផង ជាមុនីធំជាងមុនីផង ជាព្រះរាជាធំជាងព្រះរាជាផង។
ID: 637355167591293663
ទៅកាន់ទំព័រ៖