ព្រះត្រៃបិដក ភាគ ៦៧
វត្ថុនីមួយក្នុងលោកនេះ ដែលព្រះមានព្រះភាគមិនឃើញ ឬមិនដឹង មិនគប្បីដឹង មិនមានទេ ព្រះតថាគត ទង់ជ្រាបច្បាស់នូវវត្ថុទាំងអស់ដែលគួរជ្រាប ហេតុនោះ ព្រះតថាគត ឈ្មោះថា សមន្តចក្ខុ។
ហេតុនោះ (លោកពោលថា) បពិតព្រះអង្គជាសមន្តចក្ខុ ខ្ញុំព្រះអង្គ សូមនមស្ការព្រះអង្គ។
[២១៣] អធិប្បាយពាក្យថា បពិត្រព្រះអង្គជាសក្កៈ សូមព្រះអង្គដោះខ្ញុំព្រះអង្គឲ្យផុតចាកសេចក្តីសង្ស័យទាំងឡាយ ត្រង់ពាក្យថា បពិត្រព្រះអង្គជាសក្កៈ សេចក្តីថា ព្រះមានព្រះភាគ ចេញចាកសក្យត្រកូល ហើយទ្រង់បព្វជ្ជា ហេតុនោះ ទើបទ្រង់ព្រះនាមថា សក្កៈ ក៏មាន។ មួយទៀត ព្រះមានព្រះភាគ ស្តុកស្តម្ភ មានទ្រព្យច្រើន មានទ្រព្យធន ហេតុនោះ ទើបទ្រង់ព្រះនាមថា សក្កៈ ក៏មាន។ ទ្រព្យទាំងនោះរបស់ព្រះអង្គ គឺ ទ្រព្យសទ្ធា ទ្រព្យសីល ទ្រព្យហិរិ ទ្រព្យឱត្តប្បៈ ទ្រព្យសុត្តៈ ទ្រព្យចាគៈ ទ្រព្យបញ្ញា ទ្រព្យសតិប្បដ្ឋាន ទ្រព្យសមប្បធាន ទ្រព្យឥទ្ធិបាទ ទ្រព្យឥន្រ្ទិយ ទ្រព្យពលៈ ទ្រព្យពោជ្ឈង្គៈ ទ្រព្យមគ្គៈ ទ្រព្យផល ទ្រព្យព្រះនិព្វាន។
ID: 637355168834891431
ទៅកាន់ទំព័រ៖