ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា មិនមែនព្រោះញាណ គឺមិនមែនព្រោះអដ្ឋសមាបត្តិញ្ញាណផង មិនមែនព្រោះមិច្ឆាញាណផង ហេតុនោះ (ទ្រង់ត្រាស់ថា) មិនមែនព្រោះការឃើញ មិនមែនព្រោះការឮ មិនមែនព្រោះញាណទេ។
[២៨៤] អធិប្បាយពាក្យថា ម្នាលនន្ទៈ ជនអ្នកឈ្លាសវៃទាំងឡាយ តែងហៅបុគ្គលថាមុនិក្នុងលោកនេះ ត្រង់ពាក្យថា អ្នកឈ្លាសវៃទាំងឡាយ បានដល់ ពួកបុគ្គលណា ជាអ្នកឈ្លាសវៃក្នុងខន្ធ អ្នកឈ្លាសវៃក្នុងធាតុ អ្នកឈ្លាសវៃក្នុងអាយតនៈ អ្នកឈ្លាសវៃក្នុងបដិច្ចសមុប្បាទ អ្នកឈ្លាសវៃក្នុងសតិប្បដ្ឋាន អ្នកឈ្លាសវៃក្នុងសម្មប្បធាន អ្នកឈ្លាសវៃក្នុងឥទ្ធិបាទ អ្នកឈ្លាសវៃក្នុងឥន្ទ្រិយ អ្នកឈ្លាសវៃក្នុងពលៈ អ្នកឈ្លាសវៃក្នុងពោជ្ឈង្គ អ្នកឈ្លាសវៃក្នុងមគ្គ អ្នកឈ្លាសវៃក្នុងផល អ្នកឈ្លាសវៃក្នុងនិព្វាន បុគ្គលអ្នកឈ្លាសវៃទាំងឡាយនោះ មិនពោល មិនសំដែង មិនពណ៌នា មិនបំភ្លឺ មិនថ្លែង នូវបុគ្គលដែលប្រកប ប្រកបព្រម ចូលទៅជិត ចូលទៅជិតព្រម ដល់ ដល់ព្រម បរិបូណ៌ ដោយការស្អាតព្រោះការឃើញក្តី ដោយការស្អាតព្រោះការឮក្តី ដោយអដ្ឋសមាបត្តិញ្ញាណក្តី ដោយមិច្ឆាញាណក្តី ថាជាមុនិទេ ហេតុនោះ (ទ្រង់ត្រាស់ថា) ម្នាលនន្ទៈ ជនអ្នកឈ្លាសវៃទាំងឡាយ តែងហៅបុគ្គលថាមុនិក្នុងលោកនេះ។
ID: 637355279361512934
ទៅកាន់ទំព័រ៖