ព្រះត្រៃបិដក ភាគ ៦៧

 ពាក្យ​ថា មិន​មាន​អាសវៈ សេចក្តី​ថា អាសវៈ​ ៤ គឺ កាមាសវៈ ភវាសវៈ​ ទិដ្ឋាសវៈ អវិជ្ជា​សវៈ អាសវៈ​ទាំងនេះ បុគ្គល​ទាំងឡាយ​ណា បាន​លះបង់ ផ្តាច់​ឫស​ចោល​ ធ្វើ​មិន​ឲ្យ​មាន​ទី​កើត ដូចជា​ទី​កើត​នៃ​ដើមត្នោត​ ធ្វើ​មិន​ឲ្យ​កើតមាន​បែបភាព ឲ្យ​ជា​ធម៌​លែង​កើត​តទៅ​ទៀត បុគ្គល​ទាំងនោះ លោក​ហៅថា អ្នក​មិន​មាន​អាសវៈ។ ពាក្យ​ថា បុគ្គល​ទាំងឡាយ​ណា គឺ​ព្រះអរហន្ត​ខីណាស្រព។
 ពាក្យ​ថា តថាគត​ពោល​ថា​ ... ឬជន​ទាំងឡាយ​ណា កំណត់​ដឹង​នូវ​តណ្ហា ជា​អ្នក​មិន​មាន​អាសវៈ​ ជន​ទាំងឡាយ​នោះ​ឯង ឈ្មោះថា ឆ្លងផុត​ឱឃៈ​បាន​ បានន័យ​ថា តថាគត​ពោល ប្រាប់ សំដែង បញ្ញ​ត តាំង​ទុក​ បើក ចែក ធ្វើឲ្យ​រាក់ ប្រកាស​ថា ជន​ទាំង​ឡាយ​ណា កំណត់​ដឹង​តណ្ហា ជា​អ្នក​មិន​មាន​អាសវៈ ជន​ទាំងនោះ ឆ្លង​ឱឃៈ​គឺ​កាម ឆ្លង​ឱឃៈ​គឺ​ភព​ ឆ្លង​ឱឃៈ​គឺ​ទិដ្ឋិ ឆ្លង​ឱឃៈ​គឺ​អវិជ្ជា ឆ្លង ឆ្លង​ឡើង ឆ្លង​ចេញ កន្លង កន្លង​ព្រម ប្រព្រឹត្ត​កន្លង​ នូវ​គន្លង​សង្សារ​ទាំងអស់ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តថាគត​ពោល​ថា​ ... ឬជន​ទាំងឡាយ​ណា កំណត់​ដឹង​នូវ​តណ្ហា ជា​អ្នក​មិន​មាន​អាសវៈ​ ជន​ទាំង​នោះ​ឯង ឈ្មោះថា ឆ្លងផុត​ឱឃៈ​បាន។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 637355287461925001
ទៅកាន់ទំព័រ៖