ព្រះត្រៃបិដក ភាគ ៦៧
[៣៥៤] ពាក្យថា បុគ្គលនោះមានបញ្ញា ឬមានការកំណត់ដឹងដោយបញ្ញា ត្រង់ពាក្យថា បុគ្គលនោះ មានបញ្ញា គឺបុគ្គលនោះ ជាបណ្ឌិតមានប្រាជ្ញា មានប្រាជ្ញាជាគ្រឿងត្រាស់ដឹង មានញាណ មានប្រាជ្ញាភ្លឺច្បាស់ មានប្រាជ្ញាជាគ្រឿងទំលាយកិលេស។ ពាក្យថា ឬមានការកំណត់ដោយបញ្ញា គឺកំណត់ បង្កើត បង្កើតព្រម បង្កើត បង្កើតចំពោះ នូវតណ្ហាកប្បៈ ឬទិដ្ឋិកប្បៈ ដោយញាណដែលប្រកបដោយសមាបត្តិ ៨ ក្តី ដោយញាណដែលប្រកបដោយអភិញ្ញា ៥ ក្តី ដោយមិច្ឆាញាណក្តី ហេតុនោះ (លោកសួរថា) បុគ្គលនោះ មានបញ្ញា ឬមានការកំណត់ដោយបញ្ញា។
[៣៥៥] ពាក្យថា បពិត្រព្រះសក្កៈ ខ្ញុំព្រះអង្គគប្បីស្គាល់នូវមុនិណា ត្រង់ពាក្យថា ព្រះសក្កៈ បានដល់ព្រះមានព្រះភាគជាសក្កៈ។ ម្យ៉ាងទៀត ព្រះនាមថា សក្កៈ ព្រោះហេតុទ្រង់ចេញចាកសក្យត្រកូល មកបួសក៏បាន។ ឬថា ព្រះនាមថាសក្កៈ ព្រោះទ្រង់ស្តុកស្តម្ភ មានទ្រព្យច្រើន មានទ្រព្យក៏បាន។ ទ្រព្យទាំងនេះ របស់ព្រះមានព្រះភាគនោះគឺ ទ្រព្យគឺសទ្ធា ទ្រព្យគឺសីល ទ្រព្យគឺហិរិ ទ្រព្យគឺឱត្តប្បៈ ទ្រព្យគឺសុតៈ ទ្រព្យគឺចាគៈ ទ្រព្យគឺបញ្ញា ទ្រព្យគឺសតិប្បដ្ឋាន ទ្រព្យគឺសម្មប្បធាន ទ្រព្យគឺឥទ្ធិបាទ ទ្រព្យគឺឥន្ទ្រិយ ទ្រព្យគឺពលៈ ទ្រព្យគឺពោជ្ឈង្គ ទ្រព្យគឺមគ្គ ទ្រព្យគឺផល ទ្រព្យគឺនិព្វាន។
ID: 637355297463830618
ទៅកាន់ទំព័រ៖