ព្រះត្រៃបិដក ភាគ ៦៧
កប្បមាណវកប្បញ្ហានិទ្ទេស ទី១០
[៣៦២] (កប្បមាណពមានអាយុ ទូលសួរដូច្នេះថា) បពិត្រព្រះអង្គនិរទុក្ខ សូមព្រះអង្គត្រាស់ប្រាប់នូវទីពឹងរបស់ពួកសត្វអ្នកឋិតនៅក្នុងកណ្តាលនៃស្រះ ដែលត្រូវជរា និងមច្ចុគ្របសង្កត់ ព្រោះឱឃៈជាភ័យធំកើតឡើងហើយ ចុះសេចក្តីទុក្ខ (ក្នុងស្រះ) នេះ មិនគប្បីមានតទៅទៀត ដោយប្រការណា សូមព្រះអង្គប្រាប់នូវទីពឹងដល់ខ្ញុំព្រះអង្គ ដោយប្រការនោះ។
[៣៦៣] ពាក្យថា អ្នកឋិតនៅក្នុងកណ្តាលនៃស្រះ អធិប្បាយថា សង្សារ លោកហៅថា ស្រះ បានដល់ដំណើរមក ដំណើរទៅ ដំណើរទៅ និងមក កាលៈ គតិ ភពតូចធំ ការចុតិផង ការចាប់កំណើតផង ការកើតផង ការបែកធ្លាយផង ជាតិផង ជរាផង មរណៈផង។ ទីបំផុតខាងដើមនៃសង្សារមិនប្រាកដ ទាំងទីបំផុតខាងចុង ក៏មិនប្រាកដ។ ពួកសត្វដែលឋិតនៅ តាំងនៅ ជាប់ស្អិត នៅកុះករ ជ្រុលជ្រប់ ចុះស៊ប់ក្នុងសង្សារ តែត្រង់កណ្តាល។ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ តើដូចម្តេច។ វដ្តៈវិលទៅហើយ អស់ជាតិទាំងឡាយប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។ វដ្តៈវិលទៅហើយ អស់រយនៃជាតិប៉ុណ្ណេះ នឹងមិនវិលហួសអំពីនោះ ការដឹងយ៉ាងនេះ មិនមានទេ ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដ យ៉ាងនេះខ្លះ។
ID: 637355299630514311
ទៅកាន់ទំព័រ៖