ព្រះត្រៃបិដក ភាគ ៦៧
(ព្រះមានព្រះភាគត្រាស់ថា) ម្នាលកប្បៈ តថាគតនឹងប្រាប់អ្នក នូវទីពឹងរបស់ពួកសត្វអ្នកឋិតនៅក្នុងកណ្តាលនៃស្រះ ដែលត្រូវជរា និងមច្ចុគ្របសង្កត់ ព្រោះឱឃៈជាភ័យធំកើតឡើងហើយ។
[៣៧៤] ការមិនកង្វល់ ការមិនប្រកាន់មាំ នុ៎ះឯងជាទីពឹង ឯទីពឹងក្រៅពីនេះ ពុំមានទេ តថាគតហៅនូវទីពឹងនោះ ថានិព្វាន ជាទីអស់ជរា និងមច្ចុដោយប្រការដូច្នេះ។
[៣៧៥] ពាក្យថា ការមិនកង្វល់ ការមិនប្រកាន់មាំ ត្រង់ពាក្យថា ការមិនកង្វល់ សេចក្តីថា កង្វល់គឺរាគៈ កង្វល់គឺទោសៈ កង្វល់គឺមោហៈ កង្វល់គឺមានះ កង្វល់គឺទិដ្ឋិ កង្វល់គឺកិលេស កង្វល់គឺទុច្ចរិត ការលះបង់កង្វល់ ការរម្ងាប់កង្វល់ ការរលាស់កង្វល់ ការស្ងប់កង្វល់ អមតនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) ការមិនកង្វល់។ ពាក្យថា ការមិនប្រកាន់មាំ សេចក្តីថា តណ្ហា លោកហៅថា ការប្រកាន់មាំ បានដល់រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល ការលះបង់សេចក្តីប្រកាន់មាំ ការរម្ងាប់សេចក្តីប្រកាន់ ការរលាស់ចោលសេចក្តីប្រកាន់មាំ ការស្ងប់សេចក្តីប្រកាន់មាំ អមតនិព្វាន ហេតុនោះ (ទ្រង់ត្រាស់ថា) ការមិនកង្វល់ ការមិនប្រកាន់មាំ។
ID: 637355306697896077
ទៅកាន់ទំព័រ៖