ព្រះត្រៃបិដក ភាគ ៦៧
ព្រះខីណាស្រព វៀរហើយចាកបាបទាំងពួង ក្នុងលោកនេះ មានកិរិយាអប់រំ ដោយសេចក្តីព្យាយាម កន្លងនិរយទុក្ខ លោកមានព្យាយាម មានសេចក្តីប្រឹងប្រែង មិនញាប់ញ័រ មានសភាពដូច្នោះ ទើបលោកហៅថា វីរបុរស។
ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គជាវីរបុរស ខ្ញុំព្រះអង្គបានឮហើយ។ ពាក្យថា កាម របស់បទថា ទ្រង់មិនមានប្រាថ្នាក្នុងកាម បើតាមឧទ្ទាន កាមមាន ២ គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះលោកហៅថា វត្ថុកាម។បេ។ ទាំងនេះ លោកហៅថា កិលេសកាម។ វត្ថុកាម ព្រះពុទ្ធមានជោគ ទ្រង់កំណត់ដឹងហើយ កិលេសកាម ព្រះអង្គលះបង់ហើយ ព្រោះទ្រង់កំណត់ដឹងវត្ថុកាម ព្រោះលះបង់កិលេសកាម ព្រះមានព្រះភាគ ទើបមិនត្រូវការនឹងកាមទាំងឡាយ មិនរីករាយរកកាមទាំងឡាយ មិនប្រាថ្នាកាមទាំងឡាយថា កាមទាំងឡាយប្រសើរបំផុត ហេតុនោះ ព្រះពុទ្ធឈ្មោះថា មិនប្រាថ្នាកាម ចេញចាកកាម លះចោលកាម ខ្ជាក់ចោលកាម លែងកាម លះកាម រលាស់ចោលកាម ប្រាសចាករាគៈ ឃ្លាតចាករាគៈ លះចោលរាគៈ ខ្ជាក់ចោលរាគៈ លែងរាគៈ លះរាគៈ រលាស់ចោលរាគៈ មិនមានប្រាថ្នា រលត់ទុក្ខ ត្រជាក់ សោយសុខ មានព្រះទ័យប្រសើរ ហេតុនោះ (លោកពោលថា) បពិត្រព្រះអង្គជាវីរបុរស ខ្ញុំព្រះអង្គបានឮហើយ ... ទ្រង់មិនមានប្រាថ្នាក្នុងកាម។
ID: 637355309057573209
ទៅកាន់ទំព័រ៖