ព្រះត្រៃបិដក ភាគ ៦៧

 [៣៨៧​] អធិប្បាយ​ពាក្យ​ថា បពិត្រ​ព្រះអង្គ​មាន​ព្រះនេត្រ​កើត​ព្រមគ្នា​ សូម​ព្រះអង្គ​សំដែង​នូវ​សន្តិបទ ត្រង់​ពាក្យ​ថា សន្តិ សេចក្តី​ថា​ សន្តិ​ក្តី សន្តិបទ​ក្តី ដោយ​អាការ​តែមួយ គឺ​អមត​និព្វាន​នោះ​ឯង បាន​ដល់​ការ​រម្ងាប់​សង្ខារ​ទាំងពួង​ ការ​រលាស់ចោល​ឧបធិ​ទាំងពួង ការ​អស់​តណ្ហា ការប្រាសចាក​តម្រេក ការ​រលត់ និព្វាន។ សម​ដូច​ពាក្យ​នេះ​ដែល​ព្រះមានព្រះភាគ​ត្រាស់​ថា​ នុ៎ះ​ជា​ចំណែក​ដ៏​ស្ងប់ នុ៎ះ​ជា​ចំណែក​ដ៏​ឧត្តម គឺ​ការ​រម្ងាប់​សង្ខារ​ទាំងពួង ការ​លះបង់​ឧបធិ​ទាំងពួង ការ​អស់​តណ្ហា ការប្រាសចាក​តម្រេក​ ការ​រលត់ ​;ព្រះនិព្វាន។ មួយទៀត បើ​ដោយ​អាការ​ដទៃ​ ​ពួក​ធម៌​ណា​ប្រព្រឹត្តទៅ ដើម្បី​កិរិយា​បាន​សេចក្តី​ស្ងប់ ដើម្បី​ការ​ពាល់ត្រូវ​សេចក្តី​ស្ងប់​ ដើម្បី​ការ​ធ្វើឲ្យ​ជាក់លាក់ គឺ​សតិ​ប្ប​ដ្ឋាន ៤ សម្ម​ប្ប​ធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ​ ៥ ពោជ្ឈង្គ ៧ អរិយមគ្គ​ប្រកបដោយ​អង្គ ៨ ពួក​ធម៌​នេះ លោក​ហៅថា សន្តិបទ។ សូម​ព្រះអង្គ​ពោល​ ប្រាប់ សំដែង បញ្ញត្ត បើក ចែក ធ្វើឲ្យ​រាក់ ប្រកាស​នូវ​សន្តិបទ ឧបាយ​ជា​គ្រឿង​ការពារ ឧបាយ​ជា​គ្រឿង​ជ្រក​ ឧបាយ​ជា​គ្រឿង​ពឹង ឧបាយ​មិន​មាន​ភ័យ ឧបាយ​មិន​ច្យុត ឧបាយ​មិន​មាន​ស្លាប់ ឧបាយ​គឺ​ព្រះ​និពា្វន។ ពាក្យ​ថា បពិត្រ​ព្រះអង្គ​ទ្រង់​មាន​ព្រះនេត្រ​កើត​ព្រមគ្នា​ គឺ​សព្វញ្ញុតញ្ញាណ លោក​ហៅថា ព្រះនេត្រ។
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 637355309700936813
ទៅកាន់ទំព័រ៖