ព្រះត្រៃបិដក ភាគ ៦៧
ព្រះមានព្រះភាគ កំណត់ដឹងវត្ថុកាមទាំងឡាយ លះបង់ គ្របសង្កត់ បៀតបៀន រួបរឹត ឈ្លេចឈ្លី ញាំញី នូវកិលេសកាមទាំងឡាយហើយ ត្រាច់ទៅ ប្រព្រឹត្តទៅ រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ លោកពោលថា ព្រោះថា ព្រះមានព្រះភាគ ប្រព្រឹត្តគ្របសង្កត់នូវកាម។
[៣៩១] ពាក្យថា ដូចព្រះអាទិត្យមានតេជះ គ្របសង្កត់នូវប្រឹថពីមណ្ឌលដោយតេជះ សេចក្តីថា សុរិយទេវបុត្រ លោកហៅថា ព្រះអាទិត្យ។ ផែនដី លោកហៅថា ប្រឹថពី។ សុរិយទេវបុត្រមានតេជះ ដោយតេជះ ប្រកបដោយតេជះ គ្របសង្កត់ បៀតបៀន រួបរឹត ឈ្លេចឈ្លី កំដៅ នូវប្រឹថពី ញ៉ាំវត្ថុដែលតាំងនៅក្នុងអាកាសទាំងអស់ ឲ្យវិនាស កំចាត់បង់ងងឹត ឆ្លុះនូវពន្លឺ ហើយចរទៅក្នុងផ្លូវជាទីចរទៅ គឺអាកាសទទេ យ៉ាងណាមិញ ព្រះមានព្រះភាគមានតេជះ គឺញាណ ប្រកបដោយតេជះ គឺញាណ កំចាត់បង់នូវកិរិយាកើតឡើងនៃអភិសង្ខារទាំងពួង។បេ។ នូវងងឹតគឺកិលេស នូវងងឹតគឺអវិជ្ជា សំដែងនូវពន្លឺគឺញាណ កំណត់ដឹងវត្ថុកាមទាំងឡាយ លះបង់ គ្របសង្កត់ ឃាត់បង់ រួបរឹត ឈ្លេចឈ្លី ញាំញី នូវកិលេសកាមទាំងឡាយ ហើយត្រាច់ទៅ ប្រព្រឹត្រទៅ រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ (លោកពោលថា) ដូចព្រះអាទិត្យមានតេជះ គ្របសង្កត់នូវប្រឹថពីមណ្ឌលដោយតេជះ។
ID: 637355310786075784
ទៅកាន់ទំព័រ៖